កំពង់ចាម៖ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចូលរួមធ្វើសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
សកម្មភាពផ្សព្វផ្សាយ អប់រំនេះ គឺអនុវត្តតាមគោលការណ៍ណែនាំ ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
នៅក្នុងឱកាសនៃការផ្សព្វផ្សាយណែនាំខាងលើនេះ ក្រុមការងារសមាគមបានផ្សព្វផ្សាយវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដល់សមណសិស្សនិស្សិត នៃពុទ្ធិកសកលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ឲ្យចូលរួមអនុវត្តជាប្រចាំនូវវិធានការនេះ។
បន្ទាប់មានប្រសាសន៍ផ្សព្វផ្សាយ អប់រំរួចមក ព្រះសកលវិទ្យាធិការ និងលោកប្រធានសាខា ព្រមទាំងក្រុមការងារ ក៏បានផ្តល់ម៉ាស និងបាញ់អាកុលជូនដល់សមណសិស្ស និស្សិតគ្រប់រូប មានវត្តមាននាឱកាសនេះ ដែលសម្ភារៈការពារជំងឺកូវីដ-១៩ខាងលើនេះ គឺជាអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ចាម៕