កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលអំណោយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈបង្ការជំងឺកូវីដ-១៩ ពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
សប្បុរសជន នៅរសៀលថ្ងៃនេះ ជួយឧបត្ថម្ភដល់គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖ ក្រុមហ៊ុន អាន ម៉ារ៉ាឌី ថវិកា១០ លានរៀល, សាខាពន្ធដារខេត្តកំពង់ចាម ថវិកាពីរលានរៀល, ក្រុមហ៊ុន ខេសុី ៤ស្តារ ថវិកាបួនលានរៀល និងម៉ាសចំនួន១,០០០បន្ទះ, ក្រុមហ៊ុនដីឡូត៍ ហេង ហេង ទឹកបរិសុទ្ធ១៥០យួរ មី៥០កេសតូច, ក្រុមហ៊ុនដីឡូត៍ មិត្តអិត ថវិកាមួយលានរៀល និងលោក ប៊ុន សុគន្ធ ព្រមទាំងភរិយា ទឹកបរិសុទ្ធ១០០យួរ។
លោក អ៊ុន ចាន់ដា ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនូវសណ្តានចិត្តប្រកបមនុស្សធម៌របស់សប្បុរសជននៅក្នុងខេត្តកំពង់ចាម ដែលបានបរិច្ចាគនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកា មកដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺជំងឺកូវីដ- ១៩ ខេត្តកំពង់ចាម នាពេលនេះ។
លោកអភិបាលខេត្ត បានដល់សប្បុរសជនទាំងនេះថា គណៈកម្មការនឹងនាំយកនូវអំណោយឧបត្ថម្ភទាំងអស់នេះ ទៅផ្តល់ជូនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕