សៀមរាប៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគ នៅផ្សារ០២កន្លែង (ផ្សារឃុំស្រែណូយ និងផ្សារស្រែណូយ) និងដេប៉ូចែកចាយគ្រឿងឧបភោគបរិភោគធំៗចំនួន ០៣ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
គោលបំណងសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ប្រមាណ ៨២គីឡូក្រាម រួមមាន៖
– ពពុះសណ្ដែក មានសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន ១គីឡូក្រាម
– ភេសជ្ជៈ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៦២ដប ស្មើនឹង ៦១.៥៥ គីឡូក្រាម
– នំកូនក្មេង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៧២០កញ្ចប់ ស្មើនឹង ១៨ គីឡូក្រាម
– នំដំឡូង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១០០កញ្ចប់ ស្មើនឹង ២.៥០ គីឡូក្រាម
– ទឹកដោះគោខាប់ ខូចគុណភាព ចំនួន ០៩កំប៉ុង
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕