ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 ទូកនេសាទចិនជាង ២០០គ្រឿង រំលោភចូលដែនកោះ មានជម្លោះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់ហ្វីលីពីន

អន្តរជាតិ ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន បានឲ្យដឹងថា ទូកនេសាទចិនប្រហែល ២២០ គ្រឿងបានប្រមូលផ្តុំគ្នានៅជុំវិញ កោះ Spratly ដែលជាកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង កាលពីដើមខែមីនា ដោយអះអាងថាពួកគេស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

រដ្ឋាភិបាលហ្វីលីពីន ដាក់ការសង្ស័យថា ទូកទាំងនោះត្រូវបានកេណ្ឌដោយកងជីវពលសមុទ្រចិន។ កោះទាំងនោះត្រូវបានទាមទារដោយប្រទេសចិន និងហ្វីលីពីន ក្នុងចំណោមប្រទេសដទៃទៀត នៅតំបន់សមុទ្រចិនខាងត្បូង។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ទូកនេសាទទាំងនោះត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹកនៅជុំវិញកោះថ្មប៉ប្រះទឹក ចម្ងាយប្រហែល ១៧៥ ម៉ាយល៍នៃភាគខាងលិចតំបន់ Bataraza នៅលើកោះ Palawan ភាគខាងលិចប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែមីនា។

រដ្ឋាភិបាលបានឲ្យដឹងថា ទូកទាំងនេះមិនចូលរួមក្នុងការនេសាទទេ ទោះបីអាកាសធាតុល្អហើយពួកគេបានរក្សាភ្លើងនៅពេលយប់ថែមទៀត។ អាកប្បកិរិយានេះអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងអះអាងអំពីការទាមទារទឹកដី។

រដ្ឋមន្រ្តីការពារជាតិលោក Delfin Lorenzana បានសម្តែងការព្រួយបារម្ភ ចំពោះវត្តមានរបស់ទូកទាំងនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យចិន បញ្ឈប់ការរំលោភចូលដែនអធិបតេយ្យរបស់ហ្វីលីពីន និងដកចេញជាបន្ទាន់ ដែលលោកបានអះអាងថា កំពុងរំលោភលើសិទ្ធិដែនសមុទ្ររបស់ខ្លួន៕