ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹក និងឧតុនិយម ឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់​ ក្នុងថ្ងៃចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជូនដំណឹងឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់​ ដែលអាចកើត​មានឡើងរវង​​ពី​​ថ្ងៃ​ទី​​១៤​ ដល់​​ថ្ងៃ​​ទី​២០ ​ខែ​មេ​សា​ ដែលជាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។

សេ​ច​ក្តី​ជូន​ដំណឹងបានលើក​ឡើង​ថា ជ្រលងនៃសម្ពាធទាបឥណ្ឌា ជាមួយនឹងខ្យល់អាគ្នេយ៍​បក់នាំ​សំណើមពីសមុទ្រចិនខាងត្បូង​មកលើព្រះរាជាណាចក្រ​កម្ពុជា​ ដែលស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តាខេត្ត​នៅតំបន់វាលទំនាប​កណ្តាល​ មានសីតុណ្ហភាពចន្លោះពី ២៤-៣៤ អង្សាសេ នឹងអាច​មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិត​ខ្សោយទៅបង្គួរ ហើយផ្នែក​ខ្លះនៃ​បណ្តាខេត្ត​នៅភាគខាងត្បូង​ និងភាគពាយ័ព្យនៃប្រទេសកម្ពុជាអាចមានភ្លៀងធ្លាក់ច្រើន​។

សេច​ក្តី​​​ជូន​​​ដំណឹង​​ដ​ដែ​ល បាន​​លើក​​ឡើងទៀត​​ថា ប​ណ្តា​ខេត្តមួយចំនួន នៅ​ជាប់​ជួរ​ភ្នំ​ដង​រែក ដូចជាខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារនិងខេត្តតំបន់ខ្ពង់រាបភាគឦសាន ដូចជាខេត្តស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរីអាចមានសីតុណ្ហភាពចន្លោះពី២៤ ទៅ៣៤អង្សាសេ នឹងអាចមានភ្លៀង​ក្នុងកម្រិត​ពីខ្សោយ​ទៅ​មធ្យម​​។

សេចក្តីជូនបានបន្ថែមថា រីឯបណ្តាខេត្តនៅជាប់មាត់សមុទ្រ​ ដូចខេត្តកែប, កំពត, ព្រះសីហនុ និងខេត្តកោះកុង អាចមានសីតុណ្ហភាព​អប្បបរមា មានពី ២៤-៣៣​អង្សាសេ នឹង​អាច​​មាន​ភ្លៀង​ធ្លា​ក់​​ពី​មធ្យម​​ទៅ​ច្រើន​៕