ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគទាំងអស់ មកកាន់កម្ពុជា មិនមែនតែចិនមួយទេ។ តែនៅពេលនេះ ចិនបានមកវិនិយោគច្រើននៅកម្ពុជា ហើយជាមោទនភាពទៅវិញទេ ដែលមិត្តចិន បានមកវិនិយោគ និងមកធ្វើទេសចរណ៍នៅកម្ពុជាមានការកើនឡើងច្រើន។
សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា អ្នកនយោបាយដែលស្អប់ចិន គឺជាគោលនយោបាយខុសឆ្គង ខណៈដែលរាជរដ្ឋាភិបាល រួមទាំងសម្តេច បានប្រឹងប្រែងទម្រាំតែទាក់ទាញអ្នកវិនិយោគចិន មកកាន់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជិត ៥០លានដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដែលបើកការដ្ឋានសាងសង់ នៅព្រឹកនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជា-ចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ទើបចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល ៤០ខែ។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខាពេទ្យទំនើបៗទៀតផង៕