ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ទោះបីជារាជរដ្ឋាភិបាល មិនមានចំណូលបន្ថែមទៀតក៏ដោយ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរហូតដល់ ១២ខែ។
សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ។
សម្តេចបញ្ជាក់ថា ប្រាក់ខែមន្ត្រីរាជការត្រូវបានបើក ២ដង ក្នុង ១ខែ គឺរយៈពេល ២សប្តាហ៍ម្តង ហើយបើកតាមធនាគារ ដោយមិនយឺតយ៉ាវ ដូចមុនទៀតនោះទេ។
មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដែលបើកការដ្ឋានសាងសង់ នៅព្រឹកនេះ គឺជាគម្រោងធំទី២ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាព កម្ពុជាចិន ព្រះកុសុម:» ដែលជាគម្រោងទី១ ទើបចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ ដែលមានតម្លៃជិត ៥០លានដុល្លារអាមេរិក ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល ៤០ខែ។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយ បំពាក់ដោយគ្រឿងបរិក្ខាពេទ្យទំនើបៗទៀតផង៕