ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាល ស្វាគមន៍​អ្នកវិនិយោគ​ទាំងអស់ មកកាន់​កម្ពុជា មិនមែន​តែ​ចិន​មួយទេ​

​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍​គ្រប់​អ្នកវិនិយោគ​ទាំងអស់ មកកាន់​កម្ពុជា មិនមែន​តែ​ចិន​មួយ​ទេ​។ តែ​នៅពេលនេះ ចិន​បានមក​វិនិយោគ​ច្រើន​នៅ​កម្ពុជា ហើយ​ជា​មោទនភាព​ទៅវិញ​ទេ ដែល​មិត្ត​ចិន បានមក​វិនិយោគ និង​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជាមានការកើនឡើងច្រើន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តទៀតថា អ្នក​​នយោបាយ​ដែលស្អប់​ចិន គឺជា​គោលនយោបាយ​ខុសឆ្គង ខណៈដែល​រាជរដ្ឋាភិបាល រួមទាំង​សម្តេច បាន​ប្រឹងប្រែង​ទម្រាំ​តែ​ទាក់ទាញ​អ្នកវិនិយោគ​ចិន មកកាន់​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ដែលមាន​តម្លៃ​ជិត ៥០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ស្ថិតនៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដែល​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​នេះ គឺជា​គម្រោង​ធំ​ទី​២ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន បន្ទាប់ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព កម្ពុជា​-​ចិន ព្រះកុសុម​:» ដែលជា​គម្រោង​ទី​១ ទើប​ចាប់ផ្តើម​សាងសង់​កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​។

​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ២៤,៣០០​ម៉ែត្រការ៉េ លើ​ទំហំ​ផ្ទៃដី​សរុប ៥៥,៨១៥​ម៉ែត្រការ៉េ​។ គម្រោង​នេះ​សាងសង់​ក្នុង​រយ​:​ពេល ៤០​ខែ​។ មន្ទីរពេទ្យ​នេះ នឹងមាន​សភាព​ធំ​ទូលាយ ហើយ​បំពាក់​ទៅដោយ​គ្រឿង​បរិក្ខា​ពេទ្យ​ទំនើបៗ​ទៀតផង​៕