ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បញ្ចាប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប

ភ្នំពេញ៖ ​លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ត្រូវបាន​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដើម្បីបញ្ចាប់មុខតំណែង​។

រឿងដែលប្រមុខរដ្ឋាភិបាលបញ្ចាប់មុខតំណែងអភិបាលរងខេត្តទាំងពីររូបនេះ ពាក់ព័ន្ធ​នឹងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ដែលមានការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន​​​​​​ សែន បានយកអនុក្រឹត្យនេះ ផ្សាយនៅឡើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។

ខ្ញុំត្រូវតែយកគ្រាប់ក្រួស និងខ្សាច់ចេញពីស្បែក
ជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។
ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។

នៅក្នុងប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន​​​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដកអភិបាលរងខេត្តពីរនាក់នេះ និងមេទ័ពខេត្តព្រះសីហនុម្នាក់ទៀត ពាក់ព័ន្ធករណីដីធ្លី និងករណីហិង្សាប្រដាប់អាវុធ ពេលអនុវត្តសាលដីកាតុលាការ ដើម្បីយកដីពីប្រជាពលរដ្ឋ។

មេទ័ពខេត្តព្រះសីហនុ គឺលោកឧត្តមសេនីយ៍ទោ សាវិន វិបុល ពាក់ព័ន្ធករណីអនុវត្តសាលដីកាតុលាការកំពូល ដើម្បីរឹបអូសដី​​​ទំហំជាង៧០ហិកតា ស្ថិតនៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់ផ្ទុះអំពើហិង្សាប្រដាប់អាវុធ។

ពាក់ព័ន្ធករណីនេះដែរ កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយចាត់ទុកសកម្មភាពបង្ក្រាបដោយប្រដាប់អាវុធ មកលើប្រជាពលរដ្ឋតវ៉ាមិនឲ្យអាជ្ញាធរខេត្ត យកដីពីពួកគាត់នៅក្នុងខេត្តព្រះសីហនុ ឲ្យទៅលោកឧកញ៉ា ស៊ីវ គង់ទ្រីវ និងភរិយា កាលពីសប្តាហ៍មុនថា ជាទិដ្ឋភាពអាក្រក់ និងហួសហេតុ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា៕