ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្ស ដែលទះកំផ្លៀងស្ត្រីអ្នកចម្រៀងនៅហាងបឹងមាស ក្នុងខណ្ឌជ្រោយចង្វារ គឺឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក

ភ្នំពេញ៖ ប្រភពច្បាស់ការណ៍ជាច្រើន បានអះអាងថា នាយទាហានផ្កាយ៣ម្នាក់ ដែល បានទះកំផ្លៀងស្ត្រីអ្នកចម្រៀងប្រចាំភោជនីយបឹងមាស ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ នេះ គឺលោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជការរងកងទ័ពជើងគោក។

ស្ត្រីរងគ្រោះឈ្មោះ យិន ស្រីពៅ អាយុ៣៥ឆ្នាំ ដែលកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ អំពីករណីអំពើហិង្សាមកលើរូបនាង។

ប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថា លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មានទីលំនៅក្នុងទីរួមខេត្តបាត់ដំបង។

ក្នុងករណីនេះ លោក ហេង ឡុង ប្រធានសមាគនសិល្បករខ្មែរ បានអះអាងបញ្ជាក់ថា ភាគីបង្កអំពើហិង្សាបានព្រមព្រៀង និងសុខចិត្តផ្តល់សំណងជាថវិកាចំនួន៨០០០ដុល្លារ ដល់ស្ត្រីរងគ្រោះ ដើម្បីបញ្ចប់ការប្តឹងផ្តល់។

លោកបានបញ្ជាក់បន្ថែមទៀតថា នាង យិន ស្រីពៅ អ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស គឺជាក្មួយស្រីរបស់លោក ព្រហ្ម ម៉ាញ សិល្បករជើងចាស់ដ៏ល្បីនៅក្នុងព្រះរាជណាចក្រកម្ពុជា។

ករណីចោទប្រកាន់មកលើលោកឧត្តមសេនីយឯក ប៉ុល ស៊ីនួន ប្រើអំពើហិង្សា លើអ្នកចម្រៀងឈ្មោះ យិន ស្រីពៅ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានបឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ចាន់ ប៊ុនធឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ជ្រោយចង្វារ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ករណីនេះកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងចាត់ការតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ។

សូមរំឭកថា សាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ពួកគេឃើញនាយទាហានម្នាក់ ល្បីថា ពាក់ផ្កាយ៣ រួមនិងមិត្តភក្តិប្រុសស្រីមួយក្រុមបានចូលមកពិសាអាហារនៅក្នុងហាងបឹងមាស បន្ទាប់លោកឧត្តមសេនីយ៍រូបនេះ បានបបួលស្ត្រីអ្នកចម្រៀងឈ្មោះ យិន ស្រីនាង ទៅដេកជាមួយ ប៉ុន្តែនាងមិនព្រម ទើបលោកខឹងចិត្តរហូតទះកំផ្លៀង៣ដង រួចហើយបើករថយន្តម៉ាក ម៉ាស្តារ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1215 ចេញពីកន្លែងកើតហេតុតែម្តង។ ចំណែកនារីរងគ្រោះ ក៏ជិះម៉ូតូ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារភ្លាមៗដែរ ដើម្បីឲ្យជួយរកយុត្តិធម៌៕