ភ្នំពេញ៖ លោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិនៃធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅកម្ពុជា ADB និងសហការី នៅថ្ងៃទី០៦ ខែមីនានេះ ក្នុងជំនួបជាមួយ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានឲ្យដឹងថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមក គឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ។ ដោយឡែក ក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឲ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។
ដូច្នេះ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យ ADB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោងអភិវឌ្ឍលើវិស័យកសិកម្មមួយចំនួនទៀតផងដែរ។
ជាការឆ្លើយតប លោក Jaing Feng Zhang បានឯកភាព និងយកសំណើរទាំងនេះទៅពិនិត្យ ពិចារណាផ្តល់ការគាំទ្រ និងជាពិសេសបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្មីដែល ADB កំពុងចងក្រងសម្រាប់កម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ផងដែរថា ADB នឹងបន្តផ្តល់ការគាំទ្រមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍវិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត៕