លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសរុបប្រមាណជាង ១០ទ្រីលានរៀល (ប្រមាណ ២៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹងឆ្នាំ២០១៧ បញ្ហាទាំងនេះបានកើតឡើង ដោយសារការខិតខំប្រឹងប្រែងទាំងអស់គ្នា ទើបធ្វើឲ្យការប្រមូលចំណូលទទួលបានលទ្ធផលល្អ និងលើសផែនការដែលកំណត់ ដោយច្បាប់ ។
លោកឧបនាយករដ្ឋមន្រ្តី ជម្រុញឱ្យមន្ត្រីគយ និងរដ្ឋាករកម្ពុជា ពិសេសមន្រ្តីគយនៅតាមច្រកទ្វារទាំងអស់ ត្រូវខិតខំបន្ថែមទៀតលើការងារប្រមូលពន្ធ និងការគ្រប់គ្រងពន្ធឱ្យបានត្រឹមត្រូវ នឹងមិនត្រូវបណ្តែតបណ្តោយការងារនេះឱ្យមានការធ្លាក់ចុះ ខណៈការប្រមូលពន្ធឆ្នាំកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ។
លោកបានបន្ថែមថា ចំពោះការកសាងធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋបាលគយនានា គឺជាការយកចិត្តទុកដាក់គិតគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើយើងមានមន្ត្រីដែលមានសមត្ថភាព គួបផ្សំនិងមានកន្លែងធ្វើការត្រឹមត្រូវល្អនោះ វានឹងជម្រុញឱ្យការបំពេញការងាររបស់មន្ត្រីយើងអាចប្រព្រឹត្តទៅបានដោយរលូន។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលស្គាល់នូវបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយ និងរដ្ឋាករត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារនាពេលបច្ចុប្បន្ន និងពេលខាងមុខ ជាពិសេសក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល គឺចាប់អនុវត្តន៍ពីដើមឆ្នាំ២០១៩នេះតទៅ៕