ភ្នំពេញ៖ ផលិតផលក្លែងក្លាយ និងខូចគុណភាព ត្រូវបានដុតកម្ទេចចោល ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ផលិតផលក្លែងក្លាយ ដែលត្រូវកម្ទេចចោល រួមមាន ថ្នាំពេទ្យក្លែងក្លាយ ចំនួន ១០៦ មុខ ស្មើនឹង ៤០០គីឡូក្រាម ទឹកសុទ្ធម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០កេស ស្មើនឹង ៦២.៦៤០គីឡូក្រាម និងផលិតផលជីកសិកម្ម ចំនួន៧.៨៥០គីឡូក្រាម សរុបទាំងអស់មានចំនួនជាង ៧០តោន។
លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងថា សកម្មភាពកម្ទេចចោលផលិតផលក្លែងក្លាយនាពេលនេះ ជាលើកទី៤ ហើយ។ ចំពោះវត្ថុតាងជាច្រើនតោនទៀត កំពុងបន្តនីតិវិធីនៅតុលាការ ហើយគណៈកម្មាធិការ នឹងធ្វើការកម្ទេចចោលជាបន្តបន្ទាប់ទៀត នៅពេលតុលាការជំនុំជម្រះរួចរាល់។
លោក មៀច សុផាន់ណា បានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចចម្រុះដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើប្រតិបត្តិការ ចាប់ឃាត់នូវផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលផលិត ស្តុកទុក និងចែកចាយ បានចំនួន ២០ករណី (ចាត់ការតាមបណ្តឹងរបស់ក្រុមហ៊ុន ឬម្ចាស់ដើមមានចំនួន ១២ករណី) និងចុះបង្ក្រាបនៅនឹងទីតាំង ផ្ទាល់បាន ០៨ករណី មានដូចជាៈ
-ករណី នាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្មសិទ្ធិបញ្ញា
-បង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ-ខុសច្បាប់
-បង្ក្រាបទីតាំងចែកចាយជីកសិកម្មក្លែងក្លាយ-ខុសច្បាប់
-បង្ក្រាបសិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់
-បង្ក្រាបទីតាំងសាច់ប៉ាតេ មិនអនុលោមតាមច្បាប់
-បង្ក្រាបសិប្បកម្មផលិតម្រេច និងកាហ្វេ ក្លែងក្លាយ-ខុសច្បាប់ ។ល។
សូមបញ្ជាក់ថា ផលិតផល និងចំណីអាហារខូចគុណភាព ដែលត្រូវបានកម្ទេចចោលរាប់រយតោនទាំងនោះ មានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលឧក្រិដ្ឋជន បានចរាចរ ចែកចាយ និងផលិត ដូចជា បារី សុរា ឱសថក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយ ផលិតផលពីសាច់សត្វដោយខុសច្បាប់ ផលិតផលទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យង ជាដើម៕