សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះ ក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ ចំនួនជាង ៧០តោន នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង ក៏បានប្រាប់ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឲ្យយកចិត្តទុកដាក់ជាអាទិភាពលើផលិតផលក្លែងក្លាយ ដូចជា ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ និងភេសជ្ជៈ ដែលបរិភោគ និងទទួលទានដាក់ចូលក្នុងមាត់ ជាដើម ពីព្រោះថា ផលិតផលទាំងនេះ យើងទាំងអស់គ្នា តែងតែត្រូវការប្រើប្រាស់ និងទទួលទានរាល់ថ្ងៃ។
សូមរម្លឹកថា ផលិតផលក្លែងក្លាយ ដែលត្រូវកម្ទេចចោល ជាលើកទី៤ នាព្រឹកថ្ងៃទី១២មីនានេះ រួមមាន ថ្នាំពេទ្យក្លែងក្លាយ ចំនួន ១០៦ មុខ ស្មើនឹង ៤០០គីឡូក្រាម ទឹកសុទ្ធម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០កេស ស្មើនឹង ៦២.៦៤០គីឡូក្រាម និងផលិតផលជីកសិកម្ម ចំនួន៧.៨៥០គីឡូក្រាម សរុបទាំងអស់មានចំនួនជាង ៧០តោន។
កាលពីឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចចម្រុះដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើប្រតិបត្តិការ ចាប់ឃាត់នូវផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលផលិត ស្តុកទុក និងចែកចាយ បានចំនួន ២០ករណី (ចាត់ការតាមបណ្តឹងរបស់ក្រុមហ៊ុន ឬម្ចាស់ដើមមានចំនួន ១២ករណី) និងចុះបង្ក្រាបនៅនឹងទីតាំង ផ្ទាល់បាន ០៨ករណី មានដូចជាៈ
-ករណី នាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្មសិទ្ធិបញ្ញា
-បង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ-ខុសច្បាប់
-បង្ក្រាបទីតាំងចែកចាយជីកសិកម្មក្លែងក្លាយ-ខុសច្បាប់
-បង្ក្រាបសិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់
-បង្ក្រាបទីតាំងសាច់ប៉ាតេ មិនអនុលោមតាមច្បាប់
-បង្ក្រាបសិប្បកម្មផលិតម្រេច និងកាហ្វេ ក្លែងក្លាយ-ខុសច្បាប់ ។ល៕