ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋ៥គ្រួសារចោទប្រកាន់ ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ និងលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ

(ព្រះវិហារ)៖ ប្រជាពលរដ្ឋ៥គ្រួសារ បានចោទលោក គង់ ប្រុស ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ ឃុបឃឹតគ្នាជាមួយលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ និងវាស់ចូលដីលោក ឈូក សោភណ្ឌ័ ២ម៉ែត្រ៦តឹក ហើយមិនហៅភាគីព្រំផ្តិតមេដៃទេ។

 

លោក ហាក់ សុខណា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពុងប្រណាក់ ក្រុងព្រះវិហារតំណាងឲ្យពលរដ្ឋ៥គ្រួសារ បានបញ្ជាក់ថា ដីដែលលោកស្រី ពួក ចន្ថា បានឃុបឃឹតគ្នាជាមួយជំនាញវាស់រំលោភយកពីដីចំណីផ្លូវ៤មែត្រនោះ មានទីតាំងស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

 

លោកបានបន្តថា ការវាស់វែងនោះ គឺមិនមានផ្តិតមេដៃឯកភាពពីភាគីម្ចាស់ព្រំជាប់គ្នាទេ គឺធ្វើឡើងដោយឯកតោភាគី។ មិនតែប៉ុណ្ណោះបានវាស់ឆ្លងចូលដីលោក ឈូក សោភណ្ឌ័ ២ម៉ែត្រ៦តឹក)ទៀតផង។

 

ជាមួយគ្នានោះ លោក សាំង វុទ្ធី ម្ចាស់ដីដើមបានបញ្ជាក់ថា ដីនេះលោកបានលក់ទៅឲ្យ លោកស្រី ពួក ចន្ថា មានទីលំនៅស្រុកព្រៃឈរ ខេត្តកំពុងចាម ពិតប្រាកដមែន ដែលមានទំហំទទឹងបណ្តោយ៥០x៥០ម៉ែត្រ ចំណែក៤ម៉ែត្រគាត់ទុក្ខផ្លូវ។

 

លោកបន្តថា តែលោកស្រី ពួក ចន្ថា បែជាបានឲ្យជំនាញវាស់រំលោភយកទាំងអស់ ហើយថែមទាំងឆ្លងចូលដី របស់លោក ឈួក សោភណ្ឌ័ ២ម៉ែត្ត៦តឹកទៀត សរុប គឺ៦ម៉ែត្រ៦តឹក។ លោកសាំង វុទ្ធី បញ្ជាក់ទៀតថា ចំពោះការវាស់រំលោភហួសព្រំកំណត់ខាងលើនោះ លោកមិនទទួលខុសត្រូវឡើយ។

 

លោក ឈូក សោភណ្ឌ័ ម្ចាស់ព្រំដីជាប់ និងលោក ឃួត អ៊ួង សាក្សីជាប់ព្រំ បានឲ្យដឹងដែរថា ដីនេះ លោក សាំង វុទ្ធី បានលក់តែក្បាល៥០x៥០ម៉ែត្រទេ ចំណែក៤ម៉ែត្រទៀតទុកជាផ្លូវ ចុះហេតុអីបានជាលោកស្រី ពួក ចន្ថា ឃុបឃិតគ្នាឲ្យជំនាញមកវាស់រំលោភយក ហើយវាស់ចូលដល់ដីរបស់លោករហូតដល់ទៅ២ម៉ែត្រ៦តឹកថែមទៀត។

 

លោកបានបន្តថា មិនតែប៉ុណ្ណោះមិនទាំងបានផ្តិតមេដៃឯកភាពពីភាគីម្ចាស់ព្រំជាប់គ្នាទេ គឺធ្វើឡើងដោយឯកតោភាគីពោលគឺ មានត្រឹមលោកស្រី ពួក ចន្ថា និងមន្រ្តីសូរិយោដីប៉ុណ្ណោះ ។

 

ចំពោះលោក គង់ ប្រុស ប្រធានមន្ទីសូររិយោដីក្រុង សារព័ត៌មាន ក៏បានទំនាក់ទំនងតាមទូរសព្ទ័ ហើយលោកបានបញ្ជាក់ថា រឿងនេះលោកបានចេញលិខិតអញ្ជើញលោកស្រី ពួក ចន្ថា ចូលរួមដោះស្រាយទំនាស់២លើកមកហើយ ប៉ុន្តែលោកស្រីមិនបានចូលរួមដោះស្រាយឡើយ។ លោកអះអាងថា លោកនឹងព្យាយាមចេញលិខិតអញ្ជើញលោកស្រីម្តងទៀត។

 

ពាក់ព័ន្ធការចោទរបស់ពលរដ្ឋ៥គ្រួសារខាងលើ សារព័ត៌មាន បានសុំការបំភ្លឺពីលោកស្រី ពួក ចន្ថា តាមទូរសព្ទ័កាលពីថ្ងៃទី៨ ខែមីនាឆ្នាំ ២០១៩ដែរ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់អ្វីទេ គ្រាន់តែអះអាងថា ទុករឿងនេះឲ្យជំនាញធ្វើការ។

 

បើយោងតាមប្រភពច្បាស់ការណ៍មួយពីមន្ត្រីនឹងករណីខាងលើ បានបង្ហើបប្រាប់ថា ខ្នងលោកស្រីធំណាស់មានគោរមងារជាឯកឧត្តម និងខ្សែមេធាវី។ សូមបញ្ជាក់ថា ក្រុមនិសិត្យសម្តេចតេជោវគ្គជំហាន១ វគ្គទី២ ឈ្មោះ មិន មៅ ជាអ្នកវាស់វែងឲ្យមានបញ្ហា៕