ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ពីការដោះស្រាយបញ្ចប់បញ្ហារឿងការកាត់បន្ថយការនាំចូលត្រី៤ មុខពីប្រទេសវៀតណាម

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានថ្លែងបញ្ជាក់ប្រាប់ សារព័ត៌មាន ដេលីខ្មែរ នៅរសៀលថ្ងៃអាទិត្យទី០៣ ខែតុលានេះថា ចំពោះករណី រឿងមេបក្សយុវជនកម្ពុជាដែលបានយកវីដេអូចាស់របស់សម្តេចតេជោ មានប្រសាសន៍កាលពីថ្ងៃទី១៨ខែគុម្ភៈឆ្នាំ២០២០ រឿងកាត់បន្ថយនាំចូលត្រីពីវៀតណាមមកបង្ហោះនោះធ្វើឲ្យមានការភ័ណច្រឡំពីប្រ ជាជនកម្ពុជា ដោយហេតុថា«រឿងនេះក្នុងនាមក្រសួងកសិកម្មបានដោះស្រាយបញ្ចប់បញ្ហានេះ ជាយូរមកហើយកាលពីខែគុម្ភៈឆ្នាំ២០២១ មកម្លោះ ដោយយើងឈរលើមូលដ្ឋានច្បាស់លាស់ ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន ក្នុងនាមយើង ជាប្រទេសជិតខាងជាប់របងជាមួយនិងគ្នា»។

ដើម្បីពន្យល់ពីបញ្ហានេះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា«អ្នកមិនដឹងហេតុផលចេះតែនិយាយមិនដឹងច្បាស់លាស់ ចេះតែលើកទៅ! តែខ្ញុំនៅតែប្រឹងប្រែងជានិច្ចមិនបាក់ទឹកចិត្តទេ។ ទឹកចិត្តនិងស្មារតីរបស់ខ្ញុំបន្តខិតខំ ជំរុញផលិតស្បៀងនៅកម្ពជាដូចជា ករណីជ្រូកដូច្នោះ ដែរ ឥឡូវយើងអាចគ្រប់គ្រង់បាន ១០០% តែយើងនៅទុកឱកាសឲ្យមានការប្រកួតប្រជែងតិចតួចបំផុត ដើម្បីឲ្យតម្លៃជ្រូកអាចធ្លាក់ចុះខ្លះ ក្នុងទីផ្សារ ជៀងវាងប្រជាជនយើងប្រើប្រាស់និង ចាយវាយថវិកាខ្ពស់ នៅពេលអ្នកចិញ្ចឹមក្នុងស្រុករក្សាតម្លៃខ្ពស់ដែរ នេះជាយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុវត្តកន្លងមក»។

ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងកសិកម្មខាងលើនេះ ស្របពេលដែល វីដេអូខ្លីរបស់ មេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហោះលើផេកផ្លូវការនៅថ្ងៃទី៣ ខែតុលា វេលាម៉ោង ២ រ សៀល ដោយដាក់ចំណងជើងថា«បែកធ្លាយ ឯកឧត្តម ពេជ្រ ស្រស់ ជំរុញឲ្យលោក វេង សាខុន បិទការនាំចូលបន្លែនិងសាច់មួយចំនួនកុំឲ្យចូលមកកម្ពុជាគឺ ដើម្បីផ្តល់ឱកាសទៅដល់ពលរដ្ឋខ្មែរផលិតក្នុងស្រុក ប៉ុន្តែត្រូវបានលោក វេង សាខុន បដិសេធ ហើយឥឡូវសម្តេចតេជោកំពុងធ្វើតាមការស្នើរបស់ឯកត្តម ពេជ្រ ស្រស់»។

ពាក់ព័ន្ធនិងខ្លីបវីដេអូចាស់នេះ លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ថា រឿងវិធានការកាត់បន្ថយនាំត្រីឬបន្លែពីប្រទេសវៀត ណាមនេះ ជាពេលវេលាមុនពេល ដែលយើងបានអនុវត្ត តាមប្រសាសន៍សម្តេចតេជោយូរមកហើយ ចុងឆ្នាំ២០២០ កន្លងទៅ ដែល កាលដើមឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មវៀតណាម បានប្តឹងមកក្រសួងពាណិជ្ជកម្មកម្ពុជា ស្តីពីការអនុវត្តវិធានការកាត់បន្ថយការនាំចូលត្រីមកកម្ពុជា “បែរជាធ្វើជាមេបក្សនយោបាយមួយមិនចេះតាមដានសភាពការណ៍ និងបែរជាខិតខំប្រែក្រឡះសភាពការណ៍ពិតពីកម្ពុជាទៅវិញ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ខែគុម្ភៈ ឆ្នាំ២០២០ បានបញ្ជារឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការកាត់បន្ថយនាំចូលត្រី៤មុខពីវៀតណាម រួមមានត្រី ប្រា ត្រីពៅ ត្រី ឆ្តោ និងត្រីអណ្តែង តាមការសំណូមពររបស់វាវីវប្បករកម្ពុជានិងឈ្មួញក្នុងស្រុកនៅចុងឆ្នាំ២០២០ ។

កាលពីដើមឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មវៀតណាមបានប្រតិក ម្មនិងកម្ពុជាខ្លាំងៗ ចំពោះការអនុវត្តវិធានការយ៉ាងតឹងរឹងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកាត់បន្ថយការនាំចូលត្រីពីវៀតណាម។

បន្ទាប់មកក្រសួងពាណិជ្ជកម្មវៀតណាមបានធ្វើលិខិតផ្លូវការមួយ មកក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យជួយពិនិត្យ ដោះស្រាយ និងរហូតដល់សម្តេចតេជោមានប្រតិកម្មមកក្រសួងកសិកម្ម ដោយបានជំរុញឲ្យមានការដោះស្រាយ ហើយជាក់ស្តែង ករណីនេះក្រសួងកសិកម្មបានដោះស្រាយរួចរាល់ហើយតាំងពីខែគុម្ភៈឆ្នាំ២០២១ កន្លងទៅ។
លោករដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍ថា «ខ្ញុំយោងតាមអនុសាសន៍សម្តេច រួចអនុវត្ត លើការកាត់បន្ថយការនាំចូលត្រីពីប្រទេសវៀតណាម ហើយខ្ញុំត្រូវមាត់សម្តេចតេជោថា ក្រសួងកសិ កម្មមិនសួរយោបល់ សម្តេចនាយករដ្ឋមន្រ្តីមុន លើការអនុវត្តវិធានការនេះ រហូតដល់ទូតវៀតណាមទៀត បានប្តឹងដល់សម្តេច តេជោ និងប្តឹងទៅក្រសួងពាណិជ្ជកម្មទៀតពីបញ្ហានេះ»។

លោករដ្ឋមន្រ្តីបន្តថា មេបក្សយុវជននេះមិនបានដឹងរឿងគ្រប់ជ្រុងជ្រោយនោះទេ ចំពោះរឿងកាត់បន្ថយនាំចូលត្រី៤ប្រភេទពីវៀត ណាមនេះ ។ ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមខ្ញុំជារដ្ឋមន្រ្តីក្រសួងកសិ កម្មខ្ញុំចង់បានកិត្តិយស ចង់បានមោទនភាពជាតិណាស់ ក្នុងការដឹកនាំវិស័យកសិកម្ម មិនចង់ឲ្យមានការនាំចូលពីប្រទេសជិតខាងទេ គឺចង់ជម្រុញផលិតកម្មក្នុងស្រុក ព្រោះកម្ពុជាយើងអាចផ្គត់ផ្គង់ស្បៀងនិងចំណីអាហារក្នុងស្រុកជូនប្រជាជនកម្ពុជាបាន។

លើសពីនេះលោករដ្ឋមន្រ្តីបន្ថែមថា« ខ្ញុំមិនចង់ឲ្យមានការនាំចូលទេ គឺចង់ជម្រុញការចិញ្ចឹមក្នុងស្រុក ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវអនុវត្ត តាមអនុសាសន៍ សម្តេចតេជោ យើងត្រូវតែមានទំនាក់ទំនងនិងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង ដើម្បីដោះដូរទិញគ្នាទៅវិញទៅមក»។

ជាក់ស្តែងរយៈពេល ៩ខែដើមឆ្នាំ២០២១ កន្លងទៅនេះ ការនាំចេញស្រូវពីកម្ពុជាទៅប្រទេសវៀតណាមមានបរិមាណ ២លាន ៥សែនតោន ក្នុងនោះមានស្វាយចន្ទីជិត៩០០ ពាន់តោននិងផ្លែស្វាយជិត២០០ ពាន់តោន នាំចេញទៅវៀតណាមផ្ទាល់ និងមានផលិតផលជាច្រើនទៀត។

 


ដោយ៖ហៃ ស៊ីណា(វឌ្ឍនា)