ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកនាង សឿ សុធា​រ៉ា បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បន្ទាប់ពី​បាន​ចោទ​តារា​កំប្លែង២​រូបនេះ រឿង​ជំពាក់​លុយ​តុងទីន

រាជធានី​ភ្នំពេញ​៖  តារា​សំដែង អ្នកនាង សឿ សុធា​រ៉ា បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បន្ទាប់ពី​បាន​ចោទ​តារា​កំប្លែង​រូបនេះ រឿង​ជំពាក់​លុយ​តុងទីន មិន​ព្រម​សង​។​

​ការសុំទោសនេះ  បន្ទាប់ពី​អ្នកនាង ខ្ញុង បានកើត​ទុក្ខ​មិន​សុខចិត្ត ចំពោះ​ការ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង សឿ សុធា​រ៉ា ថា ខ្លួន​ជំពាក់​លុយ​តុងទីន មិន​ព្រម​សង​។​

​អ្នកនាង ខ្ញុង និង​អតីត​តារា​កំប្លែង​នាង ក្អ​យ លើកឡើងថា នាងនឹង​រួមដៃគ្នា ប្តឹង​តប​តាមផ្លូវ​ច្បាប់​លើ​អ្នកនាង សឿ សុធា​រ៉ា វិញ ដោយសារ ខ្លួន​មិនមែន​អ្នក​ខុស​ទេ ត្បិត​អ្វីៗ បាន​ដោះស្រាយ​រួចទៅហើយ​។​

​នៅ​ថ្ងៃទី​១១ ខែតុលា​នេះ អ្នកនាង សឿ សុធា​រ៉ា បានចេញ​មុខមក​សុំទោស​អ្នកនាង ខ្ញុង វិញ ដោយ​ចាត់ទុកថា អ្វីដែល​នាង​បាន​បង្ហោះ​នាពេលនោះ គឺជា​ការភាន់ច្រឡំ​។​

​ពេលចេញ​លិខិត​កិច្ចសន្យា​ទូទាត់​បំណុល​ផ្តាច់ អ្នកនាង សឿ សុធា​រ៉ា បាន​និយាយថា សូម​ជំរាបសួរ​ដល់​បងប្អូន​ទាំងអស់​ថា កាលពី​ថ្ងៃទី​៦​តុលា នាង​បាន​ផុស​ហ្វេ​ស​ប៊ុ​ក និយាយ​អំពី​ការលេង​តុងទីន ជាមួយ​អ្នកនាង ស្រេង សុ​កាន់​ដា (​ហៅ ស្រី​ញ៉ុ​ង​) អោយ​បងប្អូន បានឃើញ​ទាំងអស់គ្នា​។ នាង សឿ សុធា​រ៉ា សូមជម្រាបថា គាត់​បាន​ទូទាត់​អោយ​នាង ដើម្បី​បញ្ចប់រឿង តាំងពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ រួចរាល់​អស់ហើយ​។

​ការដែល​នាង ផុស​ឯកសារ​គាត់​ជំពាក់​លុយ​រឿង​តុងទីន​នេះ គឺជា​ការធ្វេសប្រហែស យល់​ច្រ​លំ​ថ្ងៃខែ​របស់​នាង​ទេ​។ ដូច្នេះ​នាង សូម​ចេញ​ឯកសារ​ជា​ផ្លូវការ​នេះ ដើម្បី​ជាការ​សុំ​អភ័យទោស​ដល់​បងប្អូន​ទាំងអស់គ្នា ជាពិសេស គឺ​សុំ​អភ័យទោស​អ្នកនាង ស្រេង សុ​កាន់​ដា (​ហៅ ស្រី​ញ៉ុ​ង​) ដែល​នាង សឿ សុធា​រ៉ា បានធ្វើ​ការមិន​ច្បាស់​ជាមួយ​គាត់ ហើយ​ធ្វើអោយ​បងប្អូន យល់​ច្រ​លំ​ដល់​គាត់​។​

​ នៅពេលនេះ មិនទាន់​ដឹងថា ការ​បង្ហោះ​សារ​សុំទោស​របស់​អ្នកនាង សឿ សុធា​រ៉ា ខាងលើនេះ អាចធ្វើ​ឲ្យ​អ្នកនាង ខ្ញុង ស្ងប់ចិត្ត ឬទេ​? សូម​រង់ចាំ​តាមដាន​បន្តទៀត!!