លោក ជា ច័ន្ទបរិបូរណ៍ អ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានរំលឹកពី ដំណើរការចរចារ រហូតសម្រេចបានជាកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដោយលោកបានបញ្ជាក់ថា «សម្តេចតេជោធ្លាប់បានរំលឹកយ៉ាងដូច្នេះថា៖ដោយយល់ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនាសម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ»។
លោកបានរំលឹកបន្តទៀតលើហ្វេសប៊ុកលោកថា ដើម្បីសម្រេចបាននូវដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។ ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជួយរៀបចំដោយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង នាពេលនោះ។
អ្នកតាមដានស្ថានភាពនយោបាយរូបនេះបានពិព័ណនាយ៉ាងដូច្នោះថា« ប៉ុន្តែ ជំនួបនេះត្រូវបានអាក់ខានអាស្រ័យដោយប្រទេសមួយចំនួន និងក្រុមខ្មែរក្រហមជំទាស់។ បន្ទាប់ពី ខ្ញុំព្រះករុណាខ្ញុំ ក្លាយជានាយករដ្ឋមន្រ្តី នាខែ មករា ឆ្នាំ ១៩៨៥ ខ្ញុំព្រះករុណាខ្ញុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងសារជាថ្មីម្តងទៀត ក្នុងការស្វែងរកការចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ»។
លើសពីនេះលោកបានរំលឹកពីប្រវត្តិនៃការចរចារថា ការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិបរទេស និងឥស្សរជនខ្មែរមួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេ ក្នុងទំនាក់ទំនងរវាងខ្ញុំព្រះករុណាខ្ញុំ(សម្តេចតេជោ) ជាមួយសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះនរោត្តម សីហនុ មកខ្ញុំព្រះករុណាខ្ញុំ ព្រមទាំងជួយខ្ញុំព្រះករុណាខ្ញុំយ៉ាងច្រើនពេលចរចានៅទីក្រុងប៉ារីស។
លោកបានដកស្រង់ប្រសាសន៍សម្តេចតេជោថា«ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងស្រី ពុង ឈីវហ្កិច ដែលបានធ្វើការងារពាក់ព័ន្ធនឹងសន្តិភាពនៅកម្ពុជា។ទោះបីមានការលំបាកដោយសារប្រទេសមួយចំនួន និងភាគីខ្មែរក្រហម ព្រមទាំងភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរជំទាស់ ប៉ុន្តែ សម្តេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យធ្វើការចរចាជាមួយខ្ញុំព្រះករុណាខ្ញុំ»។
ការចាប់ផ្តើមការចរចាដំបូង គឺនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួម ដែលឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងខ្ញុំព្រះករុណាខ្ញុំ (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ការចរចា សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។
ចាប់ផ្តើមពីជំនួបបើកផ្លូវរវាង សីហនុ-ហ៊ុន សែន ទាំងពីរលើក ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើង វេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយចំនូន ដូចជា JIM1, JIM2, IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើតាំងពីខែ កក្កដា និងខែ សីហា ឆ្នាំ ១៩៨៩ តែពុំមានលទ្ធផល។
ខ្ញុំព្រះករុណាខ្ញុំ ត្រូវរកមធ្យោបាយ ដើម្បីធ្វើការជាមួយសម្តេចព្រះនរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដែលចែកចេញជា ៣ ដំណាក់កាល៖
✓ដំណាក់កាលទី ១៖ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះរោត្តម សីហនុ និងខ្ញុំព្រះករុណាខ្ញុំ នៅទីក្រុងបាងកក។
✓ដំណាក់កាលទី ២៖ ថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចុះហត្ថលេខារវាង សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន ក្នុងនាមនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ តែពហិកាដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាមួយខ្ញុំព្រះករុណាខ្ញុំ បង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត ៦+៦ ឬ ៦+២+២+២=១២ មានន័យថា ត្រីភាគី ក្នុងមួយភាគីដាក់មនុស្ស ២ នាក់ ឯរដ្ឋកម្ពុជាដាក់មនុស្ស ៦ នាក់។
✓ដំណាក់កាលទី ៣៖ ថ្ងៃទី ០៩-១០ ខែ កញ្ញា ឆ្នាំ ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំ បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពេលនោះ ភាគីហ្វ៊ុនស៊ិនប៉ិច ពុំមានព្រះនាមសម្តេចព្រះនរោត្តម សីហនុ នោះទេ ព្រោះព្រះអង្គពុំបានយាងទៅហ្សាកាតានោះទេ ហើយត្រូវជំនួសដោយ សម្តេចចៅ សែន កុសល។
ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ធ្វើឡើងនៅទី ១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប៉ុន្តែការប្រជុំនេះពុំមានលទ្ធផលសូម្បីតែបន្តិច។
បន្ទាប់ពីមានការជ្រោមជ្រែងប្រទេសធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរៀបចំជាពង្រាងកិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ប៉ុន្តែ ដំណើរនៅតែមិនទៅមុខ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ បានខិតខំសារជាថ្មី នៅថ្ងៃទី ០២ និងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ ដោយសម្តេចព្រះនរោត្តម សីហនុ, សម្តេចម៉ែ, រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជា ដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញ, ទង់ជាតិ, ភ្លេងជាតិរបស់រដ្ឋកម្ពុជា, សម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯខ្ញុំព្រះករុណាខ្ញុំ នៅតែជានាយករដ្ឋមន្ត្រី តែព្រះអង្គបានស្នើឲ្យបង្កើតឡើងនូវគណៈប្រធានជាតិ ដែលព្រះអង្គជាប្រធាន ខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធាន ខ្ញុំព្រះករុណាខ្ញុំ បានឯកភាពលើសំណើនេះ។
សម្តេចព្រះនរោត្តម សីហនុ បានមានបន្ទូលម្តងហើយម្តងទៀត ប្រាប់ខ្ញុំព្រះករុណាខ្ញុំថា ទោះមាន ឬគ្មានដំណោះស្រាយនយោបាយ ក៏ខ្ញុំត្រូវតែវិលត្រឡប់ទៅនៅជាមួយឯកឧត្តម ហ៊ុន សែន ដែរ ព្រោះមិនអាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេ។
ការសម្ងាត់ត្រូវបានបែកធ្លាយនៅទីក្រុងបាងកក ប្រទេសថៃ វាជាសម្ពាធខាងនយោបាយដ៏ធំមួយ សម្រាប់ ពួកខ្មែរក្រហម និងបរទេសខ្លះ។ ដើម្បីកុំឲ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកកម្ពុជាតែអង្គឯង ក្រៅដំ ណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំង តាមរយៈការដាក់បញ្ចូលសម្តេចព្រះនរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅ សែន កុសល។
ចាប់ពីពេលនោះមក អ្វីៗគឺដើរលឿនណាស់ នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានប្រជុំឡើង វិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិន មែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីភាគីរឹងរុះមួយនេះ។
ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩១ ប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេលនោះហើយដែលខ្ញុំព្រះករុណាខ្ញុំបានជួបជាសម្ងាត់ជាមួយសម្តេចព្រះនរោត្តម សីហនុ និងថ្វាយព្រះរាជតួនាទីព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលឡាយព្រះហស្ដលេខា និងហត្ថលេខា ដោយខ្ញុំព្រះករុណាខ្ញុំ លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងដោយមានការយល់ព្រមពីសម្តេចព្រះនរោត្តម សីហនុ។ (នឹងមានភ្ជាប់ជាមួយនូវសេចក្តីប្រកាសរួមនេះ)។
អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បូកប្រទេសធំទាំង ៥ សហប្រធាន សន្និសីទទីក្រុងប៉ារីស ដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់អគ្គលេខាអង្គការសហប្រជាជាតិបានបន្តធ្វើពីថ្ងៃទី ២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។
ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចា រួមមាន៖ ទី ១៖ ការឈប់បាញ់ និងការរំសាយកងទ័ព ការឈប់បាញ់ យើងបានឯកភាពឈប់បាញ់នៅនឹងកន្លែង ភាគីណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាក គឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយ លោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២ ០០០ នាក់ តាមរូបមន្តនេះ ត្រីភាគីនឹង រក្សាទុកបានកងទ័ពចំនួន ៦,០០០ នាក់ដែលតាមការប៉ាន់ស្មានពេលនោះ កងទ័ពទាំង ៣ ភាគីមានមិនដល់ ៤០, ០០០ នាក់ ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ ភាគរយ។
ឯរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០,០០០ នាក់ និងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ ក៏រក្សាកងទ័ពបាន ២,០០០ នាក់ ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ ខ្ញុំព្រះករុណាខ្ញុំបានពិគ្រោះជាមួយឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាពរំសាយកងទ័ព ៧០ ភាគរយ បន្ទាប់ពីការពិគ្រោះគ្នាហើយ នាថ្ងៃបន្ទាប់ខ្ញុំព្រះករុណាខ្ញុំ បាន អញ្ជើញប្រធានគណៈប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីសមកស្រស់ស្រូបពេលព្រឹក ហើយខ្ញុំព្រះករុណាខ្ញុំ បានសួរទៅកាន់ប្រធានប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន ៧០ ភាគរយ តើប្រទេសធំទាំង ៥ យល់យ៉ាងណា? ប្រធានប្រតិភូបារាំងបានឆ្លើយតបមកខ្ញុំព្រះករុណាខ្ញុំវិញថា ច្បាស់ជាមានការគាំទ្រ។
ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់ទៅប្រធានប្រតិភូបារាំងថា លោក ខៀវ សំផន និងលោក សឺន សាន រង់ចាំតែជំទាស់នឹងការស្នើរបស់ខ្ញុំ។ ដូច្នេះ សូមឯកឧត្តមទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថាប្រទេសធំទាំង ៥ មានបំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលសម្តេចព្រះនរោត្តម សីហនុ លើកឡើងខ្ញុំនឹងគាំទ្រភ្លាម។
អ្វីៗដូចគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះនរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មាន បំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលនោះខ្ញុំព្រះករុណាខ្ញុំ បានប្រកាសគាំទ្រភ្លាម បន្ទាប់ទៅ លោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះមានន័យថា នំរបស់ ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ មកឱ្យ ហ៊ុន សែន ទទួលទានវិញឆ្ងាញ់ពិសារ។
ដូច្នេះ ប្រធានបទលើការឈប់បាញ់ និងរំសាយកងទ័ពត្រូវបានដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ។
#ទី ២៖ អំពីប្រព័ន្ធបោះឆ្នោត ពង្រៀងប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជាស្នើ ឡើងនូវប្រព័ន្ធឯកត្តនាម។
ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ាទេ ខ្ញុំព្រះករុណាខ្ញុំ បានមក ពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉ក ពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃ ១៤-២១ ខែកញ្ញា ឆ្នាំ ១៩៩១។
ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូតដល់សព្វថ្ងៃនេះ។ទី ៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ ពង្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅអោយប្រធានអាជ្ញាធរអាសន្នរបស់ អង្គការសហប្រជាជាតិហៅកាត់ថា « អ៊ុនតាក់» ឯខ្ញុំព្រះករុណាខ្ញុំ ខាងភាគីរដ្ឋកម្ពុជាចង់ថ្វាយសិទ្ធិសម្រេច ចុងក្រោយនេះទៅសម្តេចព្រះនរោត្តម សីហនុ ក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
ចំណុចនេះ មិនត្រូវបានដោះស្រាយនៅប៉ាតាយ៉ាទេ តែត្រូវបានដោះស្រាយនៅទីស្នាក់អង្គការសហប្រជាជាតិ ដែលពេលនោះខ្ញុំព្រះករុណាខ្ញុំប្រៀបបានដូចជា កស្ថិតនៅលើជ្រុញ ព្រោះនៅពេលចូលដល់កន្លែងប្រជុំអង្គការ សហប្រជាជាតិ ខ្ញុំព្រះករុណាខ្ញុំ បានឃើញព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ នៅលើតុផ្ញើជូន ឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលនោះ ដោយមានន័យថាសិទ្ធិ សម្រេចចុងក្រោយដោយប្រធាន អេស អ៊ិន ស៊ី ឬប្រធាន អ៊ុន តាក់អាស្រ័យលើ ឯកឧត្តម ហ៊ុន សែន ជាអ្នកសម្រេច។
ខ្ញុំព្រះករុណាខ្ញុំ គ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗដែលត្រូវដោះស្រាយរួច រាល់នៅពេលដែល អេសអ៊ិនស៊ី ចូលកាន់កាប់អង្គការសហប្រជាជាតិ ក្នុងខែ កញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់ យកថ្ងៃទី ២១ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។
យោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាព វាមានការលំបាកតែវាប្រសើរជាងការបន្ត សង្រ្គាម។ យើងបានឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ដំណាក់កាលវាយផង ចរចាផង និងដំណាក់ កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេល ដែលអ៊ុន តាក់ដកចេញ បានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។
ជម្រើសចុង ក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺការដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះៗដែលបានអនុវត្តដ៏ជោគជ័យពីឆ្នាំ ១៩៩៦-១៩៩៨ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយ ខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំ ដែលកម្ពុជា ជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញាមួយ មានមហាក្សត្រមួយ មានរាជរដ្ឋា ភិបាលតែមួយមានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សា នូវសន្តិភាពនេះ៕