ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​ដឹកនាំកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅទីស្ដីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប និងជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការស្ថាប័នថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី១៩នេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើទោះបីប្រទេសកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោកបាននឹងកំពុងជួបស្ថានភាពលំបាក ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏កម្ពុជានៅតែបន្តរួមសហការគ្នាក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះផង ព្រមទាំងរក្សាបាននូវនិរន្តរភាព ការបំពេញការងារតាមវិស័យជំនាញនានាដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញកិច្ចដំណើរការ កំណែទម្រង់នានាផងដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍រម្លឹកឡើងវិញថាកម្ពុជាបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី១ ២០១០-២០២០ ដោយជោគជ័យនិងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឱ្យដំណើរការស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរួមជាមួយការផ្ទេរមុខងារ និងធនធានចាំបាច់នានាទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍនមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា ក្នុងគោលបំណងជម្រុញការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានសម្រេចឲ្យរៀបចំកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដើម្បីសំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិឱ្យកាន់តែមានសក្តានុពលក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នោះគឺការស្ដារស្ថានភាពសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ-១៩ និងការបន្តជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗ ខាងមុខនេះ៕