ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខេត្តព្រះសីហនុ៖ គម្រោងផ្លូវ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា គម្រោងផ្លូវ៣៤ខ្សែដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ ចំពោះការប្រគល់ទទួលជូនរដ្ឋបាលខេត្តនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ បើតាមមន្ត្រីថា ក្នុងចំណោមផ្លូវទាំង៣៤ខ្សែ ដែលបានចាក់អ៊ុតជាកៅស៊ូ មានផ្លូវរណបខ្លះដូចជាផ្លូវឡើង ចុះ(ចំណោតវត្តលើ)ពីសង្កាត់លេខ១មកសង្កាត់លេខ២ជាដើម មិនមានចាក់ក្រាលកៅស៊ូទេ គឺប្រើបច្ចេកទេសត្រឹមចាក់បេតុងប៉ុន្តែបានរៀបចំហេដ្ឋារចនាសម្ពន្ធ័សងខាងផ្លូវ ដូចផ្លូវដែលចាក់ក្រាលកៅស៊ូដែរ។
ជុំវិញការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុបច្ចុប្បន្ននេះ លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុឲ្យPNNដឹងនៅព្រឹកថ្ងៃ២៧តុលា២០២១ថា បែងចែកជាបីគម្រោងខុសៗគ្នា ក្នុងនោះមាន៖
*គម្រោងទី១ គឺគម្រោងផ្លូវ៣៤ខ្សែរបស់ថ្នាក់ជាតិ(បញ្ចប់គម្រោងហើយ)។
*គម្រោងទី២ គឺគម្រោងរបស់ថ្នាក់ខេត្ត ដែលបច្ចុប្បន្នកំពុងស្ថាបនាជាបន្តបន្ទាប់។
*គម្រោងទី៣ គឺជាជំនួយពីសប្បុរសជន។
ក្រៅពីគម្រោងទាំង៣ខាងលើដែលបាននិងកំពុងអនុវត្តន៍ បើតាមលោកប្រធានមន្ទីរបញ្ជាក់ថា រដ្ឋបាលខេត្តក៍កំពុងស្វះស្វែងរកថវិកា ដើម្បីជុល ស្ថាបនាផ្លូវដែលនៅសេសសល់មួយចំនួនទៀតទាំងក្នុងក្រុងព្រះសីហនុនិងផ្លូវតាមមូលដ្ឋានឃុំ ស្រុកក្នុងខេត្ត។
ដោយឡែកចំពោះផ្លូវមួយខ្សែពីអូរ១ទៅអូ៥ក្នុងសង្កាត់លេខ៤ ដែលបានចាក់ក្រាលជាបេតុងកន្លងមក បើតាមលោកបូរី វង្សសានិតថា នៅរក្សាស្ថានភាពដាក់ឲ្យប្រើប្រាស់ដូចបច្ចុប្បន្នសិន មិនទាន់មានគ្រោងបន្ថែមផ្សេងទេ។
សុំបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុងព្រះសីហនុមានហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ច្រើនខ្វាត់ ខ្វែងទាំងផ្លូវកៅស៊ូនិងផ្លូវបេតុង បង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើសរបស់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ក្នុងការបើកបរពីសង្កាត់មួយទៅសង្កាត់មួយ ឬពីតំបន់មួយទៅតំបន់មួយទៀតក្នុងក្រុងព្រះសីហនុ រួមនិងសមិទ្ធិផលជាច្រើនទៀត អភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្រោមការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕