ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមបុគ្គលិកទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង សុំឲ្យឧកញ៉ាគិតពីអត្ថប្រយោជន៍អតីតភាពការងារ

ភ្នំពេញ៖ ក្រុមបុគ្គលិករាប់សិបនាក់ ដែលបម្រើការនៅស្ថានីយទូរទស្សន៍ CNC នៃក្រុមហ៊ុនCBS របស់ឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានកំពុងស្វែងរកអ្នកច្បាប់ឲ្យជួយពិនិត្យលើអត្ថប្រយោជន៍ត្រូវទទួលបានតាមច្បាប់ស្តីពីការងារ បន្ទាប់ពីក្រុមហ៊ុនសម្រេចបណ្ដេញចេញ ក្រោមហេតុផលកាត់បន្ថយបុគ្គលិកព្រោះវិបត្តិហិរញ្ញវត្ថុ។

ក្រុមបុគ្គលិក CNC ជាងម្ភៃនាក់ ដែលត្រូវបណ្ដេញចេញបានឲ្យដឹងទៀតថា ភាគីក្រុមហ៊ុនបានបណ្ដេញចេញបុគ្គលិកក្រោមហេតុផលការចំណាយថវិការច្រើន មិនមានប្រាក់ចំណេញ ដែលត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួនទៅតាមផ្នែកនៃក្រុមហ៊ុន CBS ក្នុងនោះ CNC ក៏ស្ថិតក្នុងដំបូលនេះដែរ។

ការបណ្ដេញចេញដោយមិនមានកំហុសនេះ បុគ្គលិកមិនបដិសេធទេ តែសូមឲ្យអនុវត្តន៍ផលប្រយោជន៍ជាសំណងទៅតាមច្បាប់លើកិច្ចសន្យាការងារមិនកំណត់ថេរវេលារវាងពួកគាត់ និងក្រុមហ៊ុនសព្វថ្ងៃ ខណៈការបញ្ឈប់នេះភាគីក្រុមហ៊ុនបានផ្ដល់ឲ្យមានដូចជា៖ ១. ប្រាក់អតីតភាពគិតតែបីឆ្នាំចុងក្រោយ ២.ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ (គិតតែមួយឆ្នាំចុងក្រោយ) ៣.ប្រាក់បំណាច់ជួសការជូនដំណឹង ៤.ប្រាក់ខែចុងក្រោយ។

ចំណែកការទាមទាររបស់អតីតបុគ្គលិក គឺសូមឲ្យក្រុមហ៊ុនគិតឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការងារដូចជា ១.សូមគិតប្រាក់ជំនួសការឈប់សម្រាកប្រចាំឆ្នាំ តាមអតីតភាពការងារចាប់តាំងពីធ្វើការបាន មួយឆ្នាំដំបូង ២.សូមឲ្យក្រុមហ៊ុនគិតប្រាក់អតីតភាព១៥ថ្ងៃក្នុងមួយឆ្នាំទៅតាមអតីតភាពការងារ ៣.សូមឲ្យគិតប្រាក់ជំងឺចិត្តតាមមាត្រា៩១ (១៥ថ្ងៃក្នុងមួយឆ្នាំទៅតាមអតីតភាពការងារ) និង៤. សូមឲ្យគិតប្រាក់បន្ទាប់បន្សំ (ប្រាក់ទូរសព្ទប្រចាំខែ)។

ក្រុមបុគ្គលិកទាំង កំពុងស្វែងរកមេធាវី និងខាងសហជីព ជាពិសេសមេធាវីស្ម័គ្រចិត្តជួយអន្តរាគមន៍ គោលបំណង គឺសូមទទួលអត្ថប្រយោជន៍ទៅតាមច្បាប់ការងារ។

សូមរំឭកថា បុគ្គលិកផ្នែកព័ត៌មាន អ្នកកាត់ត អ្នកសម្របសម្រួលកម្មវិធី២២នាក់ នៃទូរទស្សន៍ CNC មានអតីតភាពការងារចន្លោះពី១០ខែ រហូតដល់ជាង១៩ឆ្នាំ ត្រូវបានបណ្ដេញចេញជាបន្តបន្ទាប់ ហើយការបណ្ដេញចេញនេះត្រូវបុគ្គលិកលើកឡើងថា គ្មានតម្លាភាពនោះទេ អ្នកចូលក្រោយនៅកៀកមេៗមិនឃើញបណ្ដេញចេញទេ។

ទាក់ទងការលើកឡើងនេះសារព័ត៌មាន ដេលីខ្មែរ មិនទាន់សុំការបញ្ជាក់ពីភាគីក្រុមហ៊ុនបាននៅឡើយនៅថ្ងៃទី២៧ ខែតុលានេះ៕