ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិបានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា

(ភ្នំពេញ)៖ លោក សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅ​ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី​ និន សាផុន ប្រធានគណៈកម្មការទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃរដ្ឋសភា ដ៏ឧត្តុងឧត្តម មកពីគណៈកម្មការជំនាញផ្សេងៗទៀត។
ស្រី​ និន សាផុន ប្រធានគណៈកម្មការទី៩ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានជម្រាបជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលរបស់គណៈកម្មការជំនាញលើសេចក្តីព្រាងច្បាប់នេះ ហើយបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
លោក​​រដ្ឋមន្ត្រី បានជម្រាបជូនអំពីសាវតា គោលបំណង អត្ថប្រយោជន៍ និងខ្លឹមសារនៃពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទនេះ។ ពិធីសារនេះបានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ប្រទេសកម្ពុជារួមមាន៖ ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច នឹងទទួលបាននូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច នៅពេលដោះស្រាយវិវាទដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀតក្នុងក្របខ័ណ្ឌអាស៊ាន។

បន្ថែមពីលើនេះ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន ដោយប្រើប្រាស់កិច្ចព្រមព្រៀងគ្របដណ្ដប់ទាំងឡាយរបស់អាស៊ាន ដែលទទួលបានការផ្តល់សច្ចាប័ន​ពីស្ថា​ប័ននីតិបញ្ញត្តិរួចហើយធ្វើជាមូលដ្ឋាន។
ឆ្លងតាមការពិភាក្សាយ៉ាងល្អិតល្អន់ និងដោយយោងតាមការសិក្សាលើទម្រង់ គតិច្បាប់ និងខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់ខាងលើ អង្គប្រជុំបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ​រដ្ឋមន្ត្រី និងសហការីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានផ្តល់ការឯកភាព និងទទួលយកទាំងស្រុងនូវសេចក្តីព្រាងច្បាប់នេះ ដោយរក្សានូវខ្លឹមសារដើមទាំងស្រុងនៃសេចក្តីព្រាងរបស់រាជរដ្ឋាភិបាល ហើយត្រៀមបញ្ជូនសេចក្តីព្រាងច្បាប់នេះ ដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលឆាប់ៗខាងមុខ៕