ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំពន្លាជាតិចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ នៅទីក្រុងសៀងហៃ ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូអនឡាញ

(ភ្នំពេញ)៖ លោក​​ ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជ​កម្មកម្ពុជាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ ក្នុងពិធីសម្ពោធ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៤ (The 4th China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ (Hongqiao International Economic Forum)” ដែលរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។

ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតពិភពលោកនេះ បានបើកសម្ពោធដោយមានការថ្លែងសុន្ទរកថា ដោយលោក​​ ស៊ី ជីនពីង ប្រធានាធិបតីនៃសា​ធារណរដ្ឋប្រជាមានិតចិន ប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតីនៃសាធារណរដ្ឋហ្សាំប៊ៀ នា​យករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ អគ្គនាយិកានៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គលេខាធិការនៃអង្គការ UNCTAD ព្រមទាំងមានការចូលរួមដោយផ្ទាល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការ សមាគម បេសកជនបរទេស ស្ថានកុងស៊ុល និងអាជ្ញាធរ​ទីក្រុងសៀងហៃ តំណាងមកពីទីក្រុងហុងកុង ទីក្រុងម៉ាកាវ កោះតៃវ៉ាន់ និងការចូលរួមពីចម្ងាយតាមប្រព័ន្ធ វីដេអូអនឡាញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តី នៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកចំនួន១០៦ប្រទេស។
លោក​​ ស៊ី ជីនពីង បានថ្លែងមតិស្វាគមន៍ប្រទេសចូលរួមទាំងអស់ និងអំពាវនាវឱ្យបណ្តាប្រទេសជុំវិញពិភពលោកដើរឱ្យទាន់និន្នាការទូទៅនៃស​កល​ភាវូបនីយកម្មសេដ្ឋកិច្ច និងគាំទ្រក្នុងការបើកចំហ ហើយប្រឆាំងឯកតោភាគីនិយម លទ្ធិគាំពារនិយម និងជំរុញមនុស្សជាតិឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។

លោក​​បាន​ មានប្រសាសន៍ទៀតថា ឆ្នាំនេះគឺជាខួបលើកទី២០នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) របស់ប្រទេសចិន ហើយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានអនុវត្តការសន្យានៃការចូលជាសមាជិក WTO របស់ខ្លួនយ៉ាងពេញលេញ ដោយកម្រិតពន្ធគយជារួមរបស់ប្រទេសចិនបានធ្លាក់ចុះពី ១៥.៣% មក ៧.៤% ដែលទាបជាង ៩.៨% នៃការសន្យាចូលជាសមាជិករបស់ WTO នាគ្រាដំបូង។

លោក​​រដ្ឋលេខាធិការបានបញ្ជាក់ថា នេះគឺជាលើកទី៤ ដែលប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនកម្រិតពិភពលោកមួយនេះ។ សម្រាប់ឆ្នាំ២០២១នេះ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត មិនបានដឹកនាំគណៈប្រតិភូទៅចូលរួមដោយផ្ទាល់ទេ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិមួយ និងក្រុមហ៊ុនកម្ពុជាចំនួន៥ ចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាញ និងបានសម្របសម្រួលឱ្យក្រុមហ៊ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ដែលមានសាខា និងផលិតផលនៅប្រទេសចិនស្រាប់ចូលរួមតាំងពិព័រណ៍ដោយផ្ទាល់ផងដែរ។
រដ្ឋលេខាធិការបន្តថា ក្នុងការចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ឆ្នាំ២០២១នេះ ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងតាមរចនា​បថខ្មែរសម័យទំនើបតាមទម្រង់ 3D ដោយមានដាក់តាំងបង្ហាញផលិតផលសក្តានុពល រូបភាពស្តីពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ និងវីដេអូផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ ចំពោះអ្នកទស្សនាដែលមានការចាប់អារម្មណ៍អាចចូលទស្សនាពន្លាជាតិកម្ពុជា តាមរយៈតំណភ្ជាប់គេហទំព័ររបស់គណៈកម្មការរៀបចំពិព័រណ៍ https://country.ciie.org/2021/Cambodia/index.html?lang=zh_CN ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៤ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិហុងឈាវ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទី​ក្រុង​សៀងហៃ ប្រទេសចិន ដោយមានក្រុមហ៊ុនចូលរួមចំនួន ២៩០០ មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកចំនួន១៤៣ រួមទាំងកម្ពុជាផងដែរ។ ក្នុងនោះ មានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥៨ បានរៀបចំសាងសង់ពន្លាជាតិចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។

ទំនិញដែលមានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះរួមមាន ផលិតផលម្ហូបអាហារនិងភេសជ្ជៈ ផលិតផលនិងសម្ភារៈកសិកម្ម យានយន្ត ឧបករណ៍បច្ចេក​ទេស ទំនិញប្រើប្រាស់ទូទៅ ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និងពាណិជ្ជកម្ម លើវិស័យសេវាកម្មជាច្រើនពាន់ប្រភេទ៕