(ភ្នំពេញ)៖ ស្ត្រីម្នាក់ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ពាក្យបណ្តឹងយជូនលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីសុំជួយរកយុត្តិធម៌ ករណីលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ឆបោកប្រាក់អស់ជាមួយម៉ឺនដុល្លារ ក្នុងកិច្ចព្រមព្រៀងទិញ-លក់ដី។
យោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា ស្ត្រីបាញ់បោកឈ្មោះ ឡុង សុភ័ក្រ្ត អាយុ៣៧ឆ្នាំ បានអះអាងក្នុងពាក្យបណ្តឹងនេះថា លោកឧកញ៉ា នួន អក បានឆបោកប្រាក់របស់ខ្លួនចំនួន១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍មួួយកន្លែង មានគម្រោងឈ្មោះថា ឌឺសាគូរ៉ាផាក ឡេន ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។
ពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបានសម្រេចចិត្តទិញ (មើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ) ដីមួយកន្លែង ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក ស្ថិតក្នុងគម្រោងឈ្មោះថា ឌីសាគូរ៉ាផាក ឡេន គឺដីឡូតិ៍លេខF3 មានទំហំ៨០០ម៉ែត្រក្រឡា ក្នុងតម្លៃលក់សរុប គឺ ២៤,០០០ដុល្លារ ហើយបានកក់ប្រាក់ចំនួន១០,០០០ដុល្លារ។
ដោយសារតែទីតាំងដីឡូតិ៍លេខF3ខាងលើនេះ ស្ថិតនៅជិតចំណតរថយន្ត និងមានភាពអ៊ូអរពេក ប៉ុន្តែជនរងគ្រោះចង់ធ្វើផ្ទះលំហែរ និងមិនចង់អ៊ូអរ ទើបស្នើសុំក្រុមហ៊ុនប្តូរទីតាំងដី ទៅកន្លែងផ្សេង ដែលមានទំហំធំជាងមុន និងស្ថិតនៅទីតាំងខាងក្រោយគេ ដោយឯកភាពគ្នាបង់ប្រាក់តាមទំហំ ដែលធំជាងតាមរយៈការចរចារពីបុគ្គលិកក្រុមហ៊ុន ទទួលបន្ទុកផ្នែកលក់ឈ្មោះ ហាក់ ចាន់ថេង និងឈ្មោះ ឡុក ម៉េងឡុង។
ដីឡូតិ៍ថ្មីនេះ នៅទីតាំងថ្មី គឺលេខF1 មានទំហំ៩២០,០៣ម៉ែត្រក្រឡា ដែលក្រុមហ៊ុនតម្រូវឲ្យជនរងគ្រោះកក់ប្រាក់បន្ថែមចំនួន ៨,៤៤០ដុល្លារ លើប្រាក់កក់១០,០០០ដុល្លារកាលពីពេលមុន។ ក្រោយមកនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ អ្នកស្រី ឡុង សុភ័ក្រ្តបានកក់ប្រាក់ចំនួន៥,០០០ដុល្លារបន្ថែម ដែលសរុបទៅការទូទាត់ប្រាក់កក់នេះ មាន៣លើក សរុបជាទឹកប្រាក់ចំនួន២៣,៤៤០ដុល្លារ ដោយផ្ទេរតាមរយ:ធនាគារ ABA ចូលគណនីធនាគាររបស់លោកឧកញ៉ា នួន អក លេខ៖ 000246453។
ក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក បានសន្យាថា បន្ទាប់ពីប្រគល់ប្រាក់កក់រួចរយៈពេល ៣០ថ្ងៃ អ្នកស្រីអាចប្រើប្រាស់ដី និងអាស្រ័យផល ដោយមានការចាក់ដីលុបរួចរាល់ មានប្រព័ន្ធទឹកស្អាត តភ្ជាប់ប្រព័ន្ធភ្លើងរដ្ឋ មានប្រព័ន្ធលូ និងផ្លូវបេតុងរួចរាល់។
ប៉ុន្តែការសន្យានេះ គឺវាគ្រាន់តែជាការកុហក់បោកប្រាស់ជនរងគ្រោះតែប៉ុណ្ណោះ ពោលគឺនៅពេលគ្រប់៣០ថ្ងៃ ជនរងគ្រោះសុំបង់លុយបង្គ្រប់ថ្លៃដី ដើម្បីទទួលដីយកទៅប្រើប្រាស់ បែរជាក្រុមហ៊ុនគ្មានដីដូចការសន្យា និងបង្ហាញលើក្រដាសប្រកាសលក់ឡើយ ពោលគឺគម្រោងដីឡូតិ៍ ឈ្មោះ ឌឺសាគូរ៉ា ផាក ឡេន គឺនៅជាវាលស្រែ មិនទាន់មានការចាក់ដី និងរៀបចំអ្វីទាំងអស់។
ដោយសារតែក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា មិនគោរពតាមសន្យា និងមិនមានទីតាំងដីច្បាស់លាស់ប្រគល់ជូនអ្នកទិញ ទើបអ្នកស្រីសុំឲ្យក្រុមហ៊ុននេះប្រគល់លុយកក់ទាំងអស់នោះត្រឡប់មកវិញ។
ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT បានព្រមព្រៀងជាមួយអ្នកស្រី ដើម្បីធ្វើការបញ្ចប់វិវាទ ដោយធ្វើលិខិតបញ្ជាក់ការទូទាត់ប្រាក់ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសន្យាសងប្រាក់វិញជាពីរដំណាក់កាលគឺ៖
-ដំណាក់កាលទី១ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ (ជនរងគ្រោះទទួលបានរួចហើយ)
-ដំណាក់កាលទី២ គឺ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន ១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។
ប៉ុន្តែមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងក្រុមហ៊ុន BLUE BAY LAND DEVELOPMENT មិនទាន់បានអនុវត្តកាត្វកិច្ចបង់ប្រាក់ដំណាក់កាលទី២ មកឲ្យជនរងគ្រោះឡើយ ទោះបីជាជនរងគ្រោះព្យាយាមទាក់ទងទៅបុគ្គលិកក្រុមហ៊ុន និងទៅដល់ទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនមានការឆ្លើយតបទៅជនរងគ្រោះនោះទេ។
អ្នកស្រី ឡុង សុភ័ក្រ្ត បានចាត់ទុកថា សកម្មភាពនៃការគេចវេស និងការមិនបំពេញកាតព្វកិច្ចឲ្យទាន់ពេលវេលាកំណត់ដែលធ្វើឡើងដោយក្រុមហ៊ុននេះ គឺបានឆ្លុះបញ្ចាំងនូវចេតនាទុច្ចរិតយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនគ្មានការទទួលខុសត្រូវចំពោះអតិថិជន ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុននៃគម្រោងឈ្មោះឌីសាគូរ៉ា ផាក លេន។
ដោយសាររងអំពើអយុត្តិធម៌ពីក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក ទើបអ្នកស្រីសម្រេចដាក់ពាក្យប្ដឹងសុំលោកអភិបាលកំពត ជួយដោះស្រាយតាមច្បាប់។
សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការឆ្លើយតបពីឧកញ៉ា នួន អក បានឡើយ៕