ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុគ្គលិកខ្លះនៃទូរទស្សន៍របស់ឧកញ៉ា គិត ម៉េង សុខចិត្តទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុន ឯខ្លះទៀតសុំឈប់ ព្រោះឆ្អែតចិត្តពេក

ភ្នំពេញ៖ បន្ទាប់ពីភាគីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង មិនព្រមទទួលការស្នើជួបរបស់មេធាវីសហជីពការងារ តំណាងឲ្យអតីតបុគ្គលិកចំនួនប្រាំបួននាក់ ដែលបានទៅពឹងពាក់ឲ្យយជួយដោះស្រាយវិវាទអំពីការគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្រោយក្រុមហ៊ុនបញ្ឈប់ពីការងារ មានអ្នកមួយចំនួនហួសចិត្ត និងសុខចិត្តព្រោះមានវិបត្តិហិរញ្ញវត្ថុគ្រួសារ។

អតីតបុគ្គលិក បានលើកឡើងទៀតថា ដោយសារការតវ៉ាត្រូវអូសបន្លាយពេលយូរផង ព្រោះក្រុមហ៊ុនមិនយល់ព្រម ក៏សុខចិត្តចុះហត្ថលេខាតាមការបញ្ចប់កិច្ចសន្យាការងារ និងទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុនគិតឲ្យ រីឯបុគ្គលិកខ្លះ ដែលកំពុងបំពេញការងារក៏បានដាក់ពាក្យសូមឈប់ព្រោះសំពាធការងារផងដែរ។

សម្រាប់ការបដិសេធមិនព្រមជួបមេធាវីសហជីពការងារតំណាងឲ្យអតីតបុគ្គលិក កាលពីដើមសប្តាហ៍នេះ ភាគីក្រុមមិនប្រាប់ហេតុផលទេ ខណៈមុនការសុំជួបចរចាររបស់មេធាវី ភាគីក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺមួយ ដោយនៅក្នុងខ្លឹមសារខាងក្រោមនៃលិខិតនោះ បានសរសេរថា « ក្រុមហ៊ុនសូមស្វាគមន៍ និងសហការចំពោះការទាមទារទាំងឡាយណា ដែលស្រមតាមច្បាប់ការងារ និងតាមលទ្ធភាពរបស់ក្រុមហ៊ុន អនុលោមតាមនីតិវិធីច្បាប់ការងារ ដោយសន្តិវិធី និងសេចក្ដីថ្លៃថ្នូរ»។

ក្រុមហ៊ុន ខេមបូឌាន ប្រតខេសស្ទីង សឺវីស (Ca​mbo​di​an Broadcasting Service Co., Ltd ឬ CBS) សម្រេចបញ្ឈប់បុគ្គលិកនេះ បានលើកហេតុផលដោយសាររងផលប៉ះពាល់ពីជំងឺកូវិដ១៩ ដូច្នេះតម្រូវឲ្យមានការកែសម្រួលរចនាសម្ព័ន្ធការងារ តម្រូវបញ្ចប់កិច្ចសន្យាសហការីមួយចំនួន ដោយក្រុមហ៊ុនលើកឡើងថា ការបញ្ចប់កិច្ចសន្យាបុគ្គលិកនេះ ខ្លួនបានអនុវត្តស្របតាមច្បាប់ការងារ សម្រាប់ការទូរទាត់អត្ថប្រយោជន៍ជូនបុគ្គលិក ដូចជា ប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹងមុន ទៅតាមអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ប្រាក់បំណាច់ឈប់សម្រាក ដែលនៅសល់ ប្រាក់រម្លឹកអតីតភាពការរងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារ​ក្រោយឆ្នាំ​២០១៩ដែលនៅសល់។ ប៉ុន្តែក្រុមអតីបុគ្គលិកថា ការទូទាត់នេះមិនត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅតាមច្បាប់ការងារនៅឡើយ ដូចជាការមិនគិតប្រាក់ជួសការបញ្ឈប់ (ប្រាក់ជំងឺចិត្ត) ការគិតប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ (បំណាច់ឆ្នាំគិតតែឆ្នាំចុងក្រោយ) និងមិនបានគិតប្រាក់បន្ទាប់បន្សំ ដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារជាដើម។

សូមបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកមានជាច្រើនផ្នែករាប់សិបនាក់ ដែលបម្រើការងារនៅស្ថានីយទូរទស្សន៍ CNC, MYTV, CTN ដែលនៅគ្រាកំពុងបញ្ឈប់នោះ ក្រុមហ៊ុនក៏ប្រកាសជ្រើសរើសបុគ្គលិកបន្ថែមដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន CBS នៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ខណៈលោកផ្ទាល់ក៏ជាអគ្គនាយកទូរទស្សន៍ CNC ផងដែរ៕