ភ្នំពេញ ៖ គេបានលឺជារឿយៗហើយសម្រាប់ក្រុមអ្នកបរទេសនិយម គឺតែងតែនាំគ្នានិយាយថា កម្ពុជាកំពុងត្រូវបានប្រទេសលោកខាងលិច និងសម្ព័ន្ធ ដាក់សម្ពាធ ហើយក៏កំពុងប្រឈមទណ្ឌផ្សេងៗទៀត។ ជាងនេះឲ្យតែមានវត្តមានរបស់មន្រ្ដីបរទេសមកកម្ពុជា ពួកគេតែងតែថា គឺជាការមកព្រមាន មកស្ដីបន្ទោស និងមកពិនិត្យស្ថានភាពដើម្បីដាក់គំនាបផ្សេងៗលើកម្ពុជា។
ចំពោះការនិយាយរបស់ក្រុមបរទេសនិយម រាប់ពីក្រុមអ្នកវិភាគ និងក្រុមអ្នកនយោបាយប្រឆាំង ទាំងនៅក្នុងស្រុក និងអ្នកដែលរត់ចោលស្រុក អ្នកវិភាគបញ្ហាសង្គម លោក ជា ច័ន្ទបរិបូរណ៍ បានចាត់ទុកថា ជាការនិយាយរបៀបដេកស្រមៃ និងឆ្គួតលីលា ។ លោកបានអះអាងថា ភូមិសាស្រ្ដនយោបាយពិភពលោកបច្ចុប្បន្ននេះ លែងមានមហាអំណាចផ្ដាចមុខដូចកាលពីអតីតកាលទៀតហើយ ហើយក៏គ្មានមហាអំណាចណា ទៅដាក់ការគាបសង្កត់ទៅលើប្រទេសណាមួយបានទេ ពីព្រោះពេលនេះ ពិភពលោកកំពុងស្ថិតក្នុងភូមិសាស្រ្ដនយោបាយប្រទាញប្រទង់។
លោកបន្ថែមទៀតថា ពេលនេះកម្ពុជាជាប្រទសដែលមានស្ថានភាពល្អប្រសើរ និងសក្កដានុពល ហើយគ្មានប្រទេសណាមកជាន់កម្ពុជាបានដូចពីអតីតកាលបានទេ គឺមានតែមកបញ្ចុះបញ្ជូល និងលូងលោមឲ្យគាំទ្រពួកគេតែប៉ុណ្ណោះ ដែលមិនដូចការរំពឹងរបស់ក្រុមបរទេសនិយមនោះទេ។
សម្រាប់អ្នកវិភាគបញ្ហាសង្គម សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះគ្មានប្រទេសមហាអំណាចផ្ដាច់មុខបន្តទៀតទេ ដូច្នេះការរំពឹងលើបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីមកគាបសង្កត់កម្ពុជា ធ្វើទុក្ខបុកម្នេញកម្ពុជា គឺមិនអាចកើតឡើងទៀតឡើយ។ ចំពោះអ្នកដែលដេកចាំឲ្យកម្ពុជា ធ្វើតាមការបង្កាប់បញ្ជារបរទេសនោះ នឹងខកខ្លួនហើយពីព្រោះលែងមានឱកាសទៀតហើយ ដោយសារកម្ពុជាពេលនេះជាប្រទេសឯករាជ្យដែលរឹងមាំក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕