ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការខេត្តកំពត ផ្អាកសវនាការទៀតហើយ រឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាធ្វើផ្ទះនៅកែប ព្រោះសាក្សីអត់ចេះស្តាប់ចៅក្រម

កំពត៖ តុលាការខេត្តកំពត នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្អាកសវនាការជាលើកទី២ បន្ទាប់ពីបានដំណើរសួរដេញដោល អស់រយៈពេលប្រមាណពីរម៉ោង លើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាសាងសង់ផ្ទះមួយខ្នង នៅក្នងខេត្តកែ ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។

លោក លាង រិទ្ធី ជាចៅក្រមជំនុំជម្រះ  បានសម្រេចផ្អាកទៅវិញ ដោយសំអាងហេតុផលថា សាក្សីម្នាក់ជនជាតិបរទេសមិនអាចស្តាប់ភាសាខ្មែរច្បាស់លាស់ ដូច្នេះទាមទារឲ្យមានអ្នកប្រែភាសា។

សូមរឭកថា តុលាការខេត្តកំពត កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២១ បានផ្អាកសវនាការម្តងរួចមកហើយបន្ទាប់ពីបានដំណើរការសួរដេញដោលជនជាប់ចោទអស់រយៈពេលជាងពីរម៉ោង ព្រោះតែចៅក្រមស៊ើបមិនបានបញ្ចូលសាក្សីឲ្យបានគ្រប់គ្រាន់ ដូចនៅដំណាក់កាលស៊ើបសួរកាសងសំណុំរឿង។

នៅក្នុងសវនាទាំងពីរលើក លោកចៅក្រម និងតំណាងអយ្យការ បានសួរដេញជនជាប់ចោទពីបទឆបោកឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ អំពីដំណើររឿងយកលុយពីម្ចាស់ផ្ទះជាច្រើនម៉ឺនដុល្លារ ហើយក្រោយមកបានបោះបង់ចោលការសាងសង់។ ប៉ុន្តែ នៅលើកទី២ មានសាក្សីចូលរួមប្រាំនាក់ បីនាក់ឆ្លើយដោះបន្ទុកជនជាប់ចោទ ចំណែកពីរនាក់ជាសាក្សីឲ្យដើមបណ្តឹង។

ក្រោយពីសាកសួរសាក្សីជាជនជាតិខ្មែរបួននាក់ហើយ លោក លាង រិទ្ធី បានសួរសាក្សី ឈ្មោះ Eric Lei Campart ជាជនជាតិស្វីស និងជាស្វាមី ម្ចាស់បណ្តឹង ដែលនៅចាប់ផ្តើមសួរភ្លាម សាក្សីរូបនេះមិនអាចស្តាប់យល់សំណួរចៅក្រមបានឡើយ ព្រោះលោកចេះភាសាខ្មែរ បានត្រឹមតែនិយាយធម្មតា ឬហៅថា ភាសាដូរបាយ ដោយមិនស្តាប់យល់ភាសាផ្នែកច្បាប់បានឡើយ។

យោងតាមការសង្កេតនៅក្នុងសវនាការ មូលហេតុនៃការផ្អាកទាំងពីរលើកនេះ គឺកាលពីនៅដំណាក់ចៅក្រមស៊ើបសួរ មិនបានដាក់បញ្ចូលសាក្សីមុនពេលបញ្ជូនរឿងទៅជំនុំជម្រះ ចំណែកលើកទី២ ក្រោយពីដាក់សាក្សីចូលហើយ បែរជាខ្វះអ្នកបកប្រែភាសា ព្រោះលោក Eric Lei Campart ចេះនិយាយតែភាសាបារាំង។ ដូច្នេះ លោកចៅក្រម លាង រិទ្ធី ក៏សម្រេចផ្អាកទៅវិញ ដោយមិនកំណត់ពេល ដើម្បីឲ្យលោក Eric Lei Campart រកអ្នកបកប្រែដោយខ្លួនឯង។

ក្នុងរឿងនេះ លោក អាំង សុភា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន​ មានទីលំនៅភូមិកណ្តាល​ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។

យោងដីកាបង្គាប់ឲ្យឃុំខ្លួន បានឲ្យដឹងថា លោកចៅក្រមស៊ើបសួរសម្រេចដាក់គុកជនេះពីបទឆបោក ស្របតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ តាមការទាមទារពីអ្នកស្រី ប៉ុល លក្ខិណា​ ដែលជាម្ចាស់សំណង់ និងត្រូវជននេះឆបោកប្រាក់អស់ជិតមួយសែនដុល្លារ។

ក្រោយពីជាប់គុកបានមួយសប្តាហ៍ លោកចៅក្រម អាំង សុភា បានចេញដីកាដោះលែងជនល្មើសឲ្យមានសេរីភាពវិញ ដោយមិនមានការធានាណាមួយ ដើម្បីសងលុយឆបោកមកម្ចាស់បណ្តឹងឡើយ។

យោងតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌបានចែងថា ប្រសិនបើតុលាការយកឃើញកំហុសមែននោះ ឈ្មោះ ម៉ន សុខមាន​​អាចប្រឈមជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល​ ទៅប្រាំមួយលានរៀន។​

ឈ្មោះ ម៉ន សុខមាន ត្រូវបានចាប់ខ្លួន នាវេលាម៉ោងជាង៥ល្ងាចម្សិលមិញ នៅមុខវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក អាំង សុភា  ចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងនេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា​ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។

នគរបាលព្រហ្មទណ្ឌខេត្តកំពត បានបញ្ជូនជនជាប់ចោទរូបនេះ ទៅសាលាដំបូងខេត្ត នាព្រឹកព្រលឹមថ្ងៃនេះ ដោយមានដៃជាប់ខ្នោះផងដែរ រហូតដល់ម៉ោង២កន្លង រសៀលថ្ងៃដដែល ទើបចៅក្រមបញ្ចប់ការសាកសួរ និងបង្គាប់ឲ្យនគរបាលនាំខ្លួននេះ ទៅដាក់គុកជាបណ្តោះអាសន្នសិន រងចាំការបើកសវនាការដល់អង្គសេចក្តី។

សូមរំឭកថា កន្លងមក លោក​ ឡុង កេសភីរម្យ អតីប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលដល់ជនជាប់ចោទឈ្មោះ​ ម៉ន​ សុខមាន ចំនួនបួនលើក ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ដោយសារជននេះរកលេសគេចវេសពីការកោះហៅជាបន្តបន្ទាប់ រហូតដល់ពេលដូរប្រធានថ្មី ទើបមានចំណាត់ការដូចថ្ងៃនេះ។

ក្នុងសំណុំរឿងនេះដែរ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក​ ឡុង​​ កេសភីរម្យ គ្រោងសួរចម្លើយ​ ឈ្មោះ​ ម៉ន​ សុខមាន​ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល​ លក្ខិណា​ អាយុ៣០ឆ្នាំ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់​ចំនួន៩៧៩៥៩ដុល្លារ​ ដែលខ្លួនបានទទួលយក ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ តាមកិច្ចសន្យា។

យោងតាមឯកសារ​បានឲ្យដឹងថា​ អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលមានទីលំនៅភូមិថ្មី​ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត​ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០​​ ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ​ ម៉ន សុខមាន ពីបទឆបោក​ និងទាមទារប្រាក់ឲ្យសងប្រាក់មកវិញ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០​ របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា ពិតជាបទល្មើសឆបោក​ និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា​ បទល្មើសនេះ​ពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប​ ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨​ តាមមាត្រា៣៧៧ និងមាត្រា៣៧៨​ នៃក្រមព្រហ្មទណ្ឌ​​ ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ​ ម៉ន​ សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។

លោក ឯក ឆេងហួត​ បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក​ [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ​ ម៉ន​ សុខមាន [និង]​ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន​ ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។

តាមសម្ដី​រៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង​​ បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ន សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន​ ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ​​ ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ន សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត។

អ្នកស្រី ប៉ុល លក្ខិណា នៅថ្ងៃរសៀលថ្ងៃនេះ បានសម្តែងទឹកចិត្តត្រេកអរដល់លោកព្រះរាជអាជ្ញា​ ឯក​ ឆេងហួត និងលោកចៅក្រមស៊ើបសួរ អាំង សុភា ដែលចាប់ផ្តើមបង្ហាញពន្លឺយុត្តិធម៌ដល់អ្នកស្រី ដែលបានរងគ្រោះពីបទឆបោកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕