ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​​អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅស្រុកបាទី ខេត្ដតាកែវ

(តាកែវ)៖ ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ អនុស្សាវរីយ៍ជីវិតពីអតីតកាលនៅតែដិតដាមជាប់ជានិច្ចមិនអាចបំ​ភ្លេច​បាននោះឡើយ បើទោះបីពេលបច្ចុប្បន្នសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្លាយជាឥស្សរជនដ៏ឧត្តមរបស់ជាតិយ៉ាងណាក្តី។ ស្លាកស្នាមអនុស្សាវរីយ៍នៃជីវិតជាកសិករ ផ្សារភ្ជាប់នឹងទឹកចិត្តស្រឡាញ់អាណិតចំពោះកសិករ តែងជំរុញឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយច្រូតកាត់ជាមួយប្រជាកសិករស្ទើរតែរៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់ឈានចូលមកដល់។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពី​ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ បាន​ដឹកនាំឧត្តមភរិយាមន្ដ្រីថ្នាក់ដឹកនាំ អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។


នៅលើវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នា លាតសន្ធឹងយ៉ាងល្វឹងល្វើយ ដែលជាការបង្ហាញឱ្យឃើញនូវទិន្នផលដ៏ល្អប្រសើរសម្រាប់ដំណាំស្រូវរបស់ប្រជាកសិករ។ ស្រូវជាដំណាំដ៏មានសារៈសំខាន់ ហើយបានផ្សារភ្ជាប់នឹងជីវិត ក៏ដូចជាជីវភាពរបស់ប្រជាកសិករខ្មែរតាំងតែពីបុព្វកាល។ មានន័យថា បើផលស្រូវបានល្អប្រសើរ វាក៏នឹងជួយឱ្យជីវភាពប្រជាកសិករល្អប្រសើរផងដែរ។
ជំនោរខ្យល់ត្រជាក់ ក្រោមពន្លឺព្រះទិនករនាពេលអរុណោទ័យចាំងរស្មីពណ៌មាស ចាំងឆ្លុះនឹងស្មាមញញឹមដ៏ពព្រាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលបានឃើញនូវផលស្រូវដ៏សែនត្រកាលក្នុងវាលស្រែ។ ស្នាមញញឹម គឺបានស្តែងឱ្យឃើញនូវទឹកចិត្តដ៏សែនរីករាយនៅពេលបានរំលឹកដល់ជីវភាពជាកុលធីតាកសិករនាអតីតកាល និងស្តែងនូវទឹកចិត្តរីករាយជាមួយប្រជាកសិករ ដែលទទួលបានទិន្នផលល្អសម្រាប់ជាទីពឹងពាក់នៅក្នុងជីវិត។


ជាមួយស្នាមញញឹមដ៏ពព្រាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត បានរួមគ្នាចុះស្រែច្រូតស្រូវអស់ជាច្រើនស្រែដោយក្តីរីក​រាយ និងហាក់គ្មានការនឿយហត់អ្វីឡើយ។ ថ្វីដ្បិតតែសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឧត្ដមភរិយាថ្នាក់ដឹកនាំកំពូលរបស់ជាតិ តែសម្តេចជាកុលស្ត្រីមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងជីវភាពជាកសិករ ស្រលាញ់ការដាំដុះបន្លែផ្លែឈើ និងធ្វើស្រូវស្រែ។


ការចុះជួយច្រូតស្រូវរបស់ប្រជាកសិករពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំជាតិនាព្រឹកមិញនេះ បានរួមចំណែកសម្រាលនូវការលំបាកមួយចំនួនសម្រាប់ប្រជាកសិករផងដែរ។ ប្រជាកសិករ បានសម្តែងនូវក្តីរំភើបរីករាយ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលនៅតែផ្សារភ្ជាប់ជីវិតជាមួយកសិករ។ កាយវិការនេះ គឺជាលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តប្រឹងប្រែងក្នុងការដាំដុះ ធ្វើស្រែចម្ការ ដែលជាប្រភពទ្រទ្រង់ស្បៀងដ៏សំខាន់សម្រាប់កម្ពុជា។


លោកអភិបាលខេត្ត អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១-២០២២ មានផ្ទៃដីចំនួន ៦៧,៩៤១ហិកតា ហើយផ្ទៃដីច្រូតកាត់បានចំនួន ៦៧,៩៤១ហិកតា ស្មើ ១០០%។
ប្រភពទទក