ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន លោក ជុំ កុសល បានបញ្ជាក់ថា” គ្រាប់ដុះល្អត្រូវរក្សាទុកបន្តធ្វើពូជដើម្បីទទួលបានផ្លែផ្កាល្អទៅថ្ងៃមុខទៀត”
ការលើកឡើងរបស់ លោក ជុំ កុសល ដូច្នេះ ខណ:ដែលថ្មីៗនេះ សម្តេច តេជោ ហ៊ុន សែនបានប្រកាសថា”លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលខាងមុខ ដោយឆ្លងការបោះ ឆ្នោតគាំទ្រពីគណបក្សប្រជាជនកម្ពុជាជាមុនសិន។
គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ ដែលធានាបានក្នុងការ ការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍន៍ដោយចីរភាព ។
លោក ជុំ កុសល គូរបញ្ជាក់ថា”ភាពជោគជ័យរបស់គណបក្សដោយការបោះឆ្នោតច្រើនអាណត្តិមកនេះគឺផ្តើមចេញពីការមានទំនុកចិត្តតែមួយគត់របស់ប្រជាពលរដ្ឋចំពោះគណបក្ស ដើម្បីផ្តល់តំណែងនាយករដ្ឋមន្ត្រីជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដឹកនាំប្រទេស”។
លោកបានរំលឹកថា ការរគាំទ្រគណបក្សប្រជាជនកម្ពុជាពីសំណាក់ប្រជាពលរដ្ឋ ក្រៅពីកម្មវិធីនយោបាយបក្ស បុគ្គលភាពសម្តេចតេជោហ៊ុន សែនគឺជាជម្រើស ទី១ ដែលមិនអាចខ្វះបានជាដាច់ខាត ។
ផ្តើមចេញពីកត្តានេះហើយដែលគណបក្សបានឯកភាពជាឯកច្ឆ័នដាក់សម្តេចតេជោហ៊ុន សែនជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការប្រកួតប្រជែងការបោះឆ្នោតរៀងរាល់អាណត្តិ ។
សម្តេចតេជហ៊ុន សែនគឺបេក្ខភាពតែមួយគត់របស់គណបក្ស ហើយគណបក្សនឹងទទួលបានជោគជ័យជារៀងរាល់អាណត្តិដរាបណាមានសម្តេចតេជោហ៊ុន សែនជាបេក្ខភាពនាយករដ្ឋមន្ត្រី នេះគឺជាសត្យានុម័តក្នុងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជាក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្សនាបច្ចុប្បន្នកាលនិងអនាគត ។
ក្នុងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសភានិយម ច្បាប់មិនបានកំណត់អាណិត្តនាយករដ្ឋមន្ត្រីទេ ប៉ុន្តែច្បាប់ធម្មជាតិក៏មិនអនុញ្ញាតដល់មនុស្សមិនឲ្យមានភាពប្រែប្រួលវ័យដែរ ។
សម្តេចតេជោហ៊ុន សែន លោកនៅមានសក្តានុពលសុខភាព និងបញ្ញាញាណយ៉ាងតិចក៏បីអាណត្តិបន្តទៀត ប៉ុន្តែអាស្រ័យលើការសម្រេចចិត្តរបស់សម្តេចក្នងពេលវេលាណាមួយដែលលោកចង់សម្រាក នោះហើយដែលគណបក្សចាំបាច់ត្រូវរៀបចំបេក្ខភាពសម្រាប់បន្តវេន ។
លោក ហ៊ុន ម៉ាណែតគឺជាបេក្ខភាពដ៏មានសក្តានុពលរបស់គណបក្សមួយរូប ដែលគណបក្សគាំទ្រ ដោយផ្អែកលើ ៖ សមត្ថភាព ចំណេះដឹងរបស់គាត់មានសមត្ថភាពយោធា , ការទូត និងសេដ្ឋកិច្ច ដែលសមត្ថភាពធំៗបីនេះ ដាច់ខាត មេដឹកនាំប្រទេសត្រូវតែមាន ជាពិសេសសមត្ថភាពយោធា។
ទន្ទឹមនេះ លោក ហ៊ុន ម៉ាណែតជាបុគ្គលដែលមានប្រជាប្រិយភាពខ្លាំងបំផុតទទួលបានការគោរពស្រឡាញ់រាប់អានពីមនុស្សគ្រប់វ័យ គ្រប់ស្រទាប់ ដោយ សារតែអត្តចរិតពីកំណើតរបស់គាត់ ។
គុណធម៌ សីលធម៌ សុជីវធម៌ និងភាពរួសរាយទាក់របស់គាត់បានឆក់យក បេះដូងមនុស្សគ្រប់គ្នា ។កត្តាសំខាន់មួយទៀតគឺ ឈាមអ្នកបម្រើជាតិ ដែលជាឈាមលោកឪពុកបានតំណដល់គាត់។
នេះហើយជាកត្តាចាំបាច់ ដែលគណបក្សបានកំណត់យ៉ាងច្បាស់ ដើម្បីបន្តបេសកម្មដឹកនាំប្រទេសស្ថិតលើមាគ៌ាតែមួយជាចាំបាច់ ៕