លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ» ហើយទីតាំងដែលបុគ្គលឈ្មោះ ផេ បើកសង្វៀនបញ្ជល់មាន់គឺនៅចំណុចជើងភ្នំស្វាយខាងជើងសាលាខេត្ត និងតុលាការខេត្តបន្ទាយមានជ័យ ហើយថែមទាំងនៅជិតបន្ទាយយោធាយោធភូមិភាគ៥ទិសទី១(បន្ទាយមានជ័យ) ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ពលរដ្ឋខាងលើនិយាយប្រាប់សារព័ត៌មាន ដេលីខ្មែរថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនពីព្រឹកដល់យប់ ហើយការបញ្ជល់មាន់១គូៗមានដាក់ដើមថាន់ពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត។
ចំណែកសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវប្រជាពលរដ្ឋរិះគន់ចំៗថា មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។
ប្រជាពលរដ្ឋក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ ផេ បើកសង្វៀនបញ្ជាល់មាន់ទ្រង់ទ្រាយធំដោយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។
ក្រុមពលរដ្ឋបាននិយាយទៀតថា ទាំងនាយប៉ុស្តិ៍នគរបាលសង្កាត់កំពង់ស្វាយ ក៏ដូចជាអធិការនគរបាលក្រុងសិរីសោភ័ណ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបុគ្គលឈ្មោះ ផេ ធ្វើអ្វីៗតាមអំពើចិត្ត។
ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បង្ក្រាបល្បែងស៊ីសងនៅក្នុងសង្កាត់កំពង់ស្វាយ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ដោយសារល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុក ទើបសព្វថ្ងៃនេះក្នុងទឺកដីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ចំណែកមេល្បែងស៊ីសងប្រមូលលុយបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យព្រមទាំងលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយ។
ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរពិនិត្យទៅលើភាពអសកម្មរបស់អភិបាលខេត្តបន្ទាយមានជ័យ និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ។