ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា បើកចំហរ និងស្វាគមន៍អ្នកវិនិយោគ​ពី​បរទេស​គ្រប់ទិសទី​

​ខេត្តកំពង់ស្ពឺ​៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យដដឹង​​ថា កម្ពុជា​ត្រូវការ​ការអ្នកវិនិយោគ​ពី​គ្រប់​ទីកន្លែង  មិន​ថា ចិន ឬ​ប្រទេស​ដៃគូ​ណា​នោះទេ ​កម្ពុជា​មិន​បដិសេធ និងមិន​មានការរើស​អើ​ងនោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ស្ពឺ ។​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិនក្នុងទំហំទឹកប្រាក់ប្រមាណ ២០០០ លាន​ដុល្លារ អាមេរិក ។

សម្តេច បាន​បញ្ជាក់ថា « យើង​កំពុង​ត្រូវការ​ទុន​បន្ថែមទៀត ពី​ដៃគូ​អភិវឌ្ឍន៍​របស់​យើង ដែល​ក្នុងនោះ គឺ​មិត្ត​ចិន ក៏​ក្លាយជា​ចំណុច ជា​ទុន​មួយ ដែល​សម្រាប់​ផ្តល់​ឲ្យ​យើង​។ ប៉ុន្តែ​ ខ្ញុំ​សូមបញ្ជាក់​ជាមួយ​ដៃគូ​ដទៃ​ទៀតថា ខ្ញុំ​មិន​បដិសេធចោល​ជាមួយ​បរទេស​ណា​ទាំងអស់ សូម​អញ្ជើញ​មក​វិនិយោគ សូម​អញ្ជើញ​ផ្តល់ប្រាក់​កម្ចី​ឲ្យ​កម្ពុជា​បន្តទៅទៀត ព្រោះ​យើង​ត្រូវការ​ដៃគូ​ទាំងអស់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា «​មាន​អ្នកខ្លះ គេ​បាន​និយាយថា យើង​ផ្អែកលើ​ចិន​ច្រើនពេក ធ្វើ​ឲ្យ​លម្អៀង​ទៅរក​ចិន ធ្វើ​ឲ្យ​គេ​រកស៊ី​មិនបាន​។ ប៉ុន្តែ​ខ្ញុំ​សូម​សួរ​បក​ត្រលប់​ទៅវិញ​ថា តើ​អ្នក​បានមក​រកស៊ី​ជាមួយ​ខ្ញុំ ទៅលើ​បញ្ហា​អី​? លើ​បញ្ហា​អី​ឲ្យ​ប្រាកដ​? អ្នក​មិនទាន់​ដែល​បាន​ស្នើសុំ​ការវិនិយោគ​ពី​ខ្ញុំ ហើយ​ទទួល​ការទាត់ចោល​ពី​ខ្ញុំ​ឯណា​? អត់​មាន​ផង​! បែរ​ទៅជា​និយាយថា ស្អី​ឡើង​ក្រុមហ៊ុន​ចិន ស្អី​ឡើង​ក្រុមហ៊ុន​ចិន​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​កន្លងទៅ ធនាគារ​អឺរ៉ុប ក៏បានផ្តល់​ប្រាក់កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល​។ ធនាគារអភិវឌ្ឍន៍​អាស៊ី ផ្តល់ប្រាក់​កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល​។ ធនាគារពិភពលោក ផ្តល់ប្រាក់​កម្ចី​ឲ្យ​យើង ក៏​យើង​ទទួល​។ យើង​ទទួល​ទាំង​អស់​។ សូម​អញ្ជើញ​មក​! ពី​គ្រប់​ទីកន្លែង​! អង់គ្លេស​គេ​ថា​ម៉េច​? Every Where​។ មក​! ខ្ញុំ​ស្វាគមន៍​តើ​! ខ្ញុំ​អត់​មាន​បិទទ្វារ សម្រាប់​នរណា​ទាំងអស់​! សូម​អញ្ជើញ​មក​»​។​

​ជាមួយនឹង​ការប្រកាស​ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសើរ​ចំណុច​ល្អ​របស់​ក្រុមហ៊ុន​ចិន ដែល​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន​ចិន តែងតែ​អនុវត្តបាន​ជោគជ័យ​នូវ​រាល់​គម្រោង​ទាំងអស់ បើទោះបីជា​ស្ថិតនៅក្នុង​សភាពការណ៍​វិបត្តិ​សេដ្ឋកិច្ចកាលពី ឆ្នាំ​២០០៨ ក៏ដោយ​៕​