(ខេត្តព្រះសីហនុ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី។
លោករដ្ឋមន្រ្តីបានសម្តែងគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ អគ្គលេខាធិការអាស៊ាន និងសហការី ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ពីក្រុមការងារលេខាធិការដ្ឋានដល់កិច្ចប្រជុំចង្អៀត ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីថ្ងៃទី១១ ខែមករា កន្លងទៅ ដែលបានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។
ជាមួយគ្នានេះ រដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំទូលាយទាំង៥ ស្ថិតក្រោមក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ជាពិសេសការចូលជាធរមាននិងការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ពីភាគីទាំងអស់ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានជម្រាបជូន លោកអគ្គលេខាធិការអាស៊ានអំពីបច្ចុប្បន្នភាព ការងារការត្រៀមរៀបចំដើម្បីដឹកនាំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានស្នើ ក្រោមសមត្ថកិច្ចសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរដល់កិច្ចខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់ឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ ជាពិសេសការសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងក៏ដូចជាជួយទ្រទ្រង់លើវិស័យសហគ្រាសធុនតូច និងមធ្យម។
បន្ថែមពីនេះលោកអគ្គលេខាធិការអាស៊ាន បានក៏គូសបញ្ជាក់ពីសារៈសំខាន់នៃ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានទាក់ទងនឹងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រឹងមាំនៃតំបន់។
អគ្គលេខាធិការអាស៊ាន បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលនៃ កិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ាន និងបានបញ្ជាក់ពីការបេ្តជ្ញាបន្តកិច្ចសហការដ៏ល្អប្រសើរ ព្រមទាំងជំហរគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់កម្ពុជាក្នុងភាពជាប្រធានអាស៊ាន ក្នងឆ្នាំ២០២២។
ក្នុងឱកាសនោះ អង្គប្រជុំបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការបន្តអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន បច្ចុប្បន្នភាពនៃការធ្វើសាកលភាវូបនីយកម្មអាស៊ាន ការធានានូវលំហូរទំនិញចាំបាច់ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ និងការធ្វើបច្ចុប្បន្នភាពនៃសំណើចូលជាសមាជិកអាស៊ាន របស់ទីម័រខាងកើត។
លោករដ្ឋមន្រ្តី និងអគ្គលេខាធិការអាស៊ាន បានប្តេជ្ញាចិត្តបន្តកិច្ចសហការ បន្ថែមទៀត សំដៅអាចឈានសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំ ផ្សេងទៀតរបស់អាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព៕