ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ

 

ព្រះសីហនុ៖ រថភ្លើងពីរខ្សែរនៃក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ (Royal Railway) របស់ឧកញ៉ា គិត ម៉េង បានបុកគ្នាឯងពេញទំហឹង កាលពីរសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ពីផ្លូវដែក និងអ្នកបើកបររថភ្លើងម្នាក់រងរបួសបែកក្បាល។

រថភ្លើងពីរខ្សែនេះ គឺជាប្រភេទដឹកទំនិញនាំចេញ-នាំចូល ទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយបុកគ្នានៅក្បែរកំពង់ផែតែម្តង ជាទីដែលមានសំណង់មិនរៀបរយនៅសងខាងផ្លូវដែក។ ប៉ុន្តែមិនបណ្តាលគ្រោះថ្នាក់ដល់អ្នករស់នៅឡើយ គ្រាន់ប៉ះផ្ទះសម្បែងបន្តិចបន្តួច។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា រថភ្លើងពីរខ្សែនេះបើកបរទិសដៅបញ្ច្រាសគ្នា ក្នុងនោះម្ខាងមកពីភ្នំពេញ ឯម្ខាងទៀតចេញពីស្ថានីយក្រុងព្រះសីហនុ បានបុកគ្នាពេលកំពុងបើកបរលើផ្លូវដែកតែមួយ។

ស្ត្រីម្នាក់រស់នៅក្បែរផ្លូវរថភ្លើង និងកំពុងតែថតផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បាននិយាយថា «កំពុងតែដេកដេក (ថ្ងៃ) ស្រាប់តែឮសំឡេងបុករង្គើផ្ទះ ប្រឹងស្ទុះឡើងមកមើលចង់បាក់ចង្កេះ»។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោក បានពិនិត្យទីកន្លែងផងដែរ តែគ្មានភាគីណាប្ដឹងទេ ព្រោះរថភ្លើងទាំងពីរស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ របស់ឧកញ៉ា គិត ម៉េង គឺបុកគ្នាឯង នៅលើផ្លូវរត់ខ្លួនឯង។

សូមរំលឹកថា ករណីគ្រោះថ្នាក់លើផ្លូវដែកនេះមានច្រើនករណីមកហើយ ជាពិសេសរថភ្លើងបុកជាមួយយានយន្តរបស់ប្រជាពលរដ្ឋ។

មុនឲ្យផ្អាកដំណើរខ្សែរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ព្រះសក្យមុនីចេតិយ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទោះរត់មិនទៀងទាត់ក៏ដោយ ជាញឹកញយ គេសង្កេតឃើញម៉ាស៊ីនរលត់ ស្ទះនៅទទឹងមហាវិថីសហព័ន្ធរស្សី គឺនៅពេលត្រៀមចូលចតក្នុងចំណតព្រលានយន្តហោះ រហូតមហាជនរិះគន់ថា រទេះបែកកង់ទៅមុខលែងរួច។

បើតាមវីដេអូអប់រំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានក្រើនរំលឹកដល់ពលរដ្ឋអ្នកបើកបរទាំងឡាយឲ្យប្រុងប្រយ័ត្នរាល់ការធ្វើដំណើរឆ្លងផ្លូវរថភ្លើង ត្រូវគោរពតាមកែណែនាំរបស់ឆ្មាំ និងឈប់ឃ្លាតយ៉ាងតិចពីរម៉ែត្រពីរបាបិទផ្លូវរថភ្លើង និងមានបំរាមមួយចំនួនទៀត ដើម្បីជាវិធានសុវត្ថិភាពផងដែរ៕