ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នឹងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយកន្លែង ស្ថិតលើផ្លូវជាតិលេខ៥ ត្រង់ចំណុចអតីតឃ្លាំងសាំងសូគីម៉ិច ក្នុងសង្កាត់ឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។
គម្រោងសាងសង់ស្ពានអាកាស លើផ្លូវជាតិលេខ៥នេះ គឺនៅត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានរង្វង់មូលនាងមច្ចា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលសព្វថ្ងៃ ចរាចរណ៍មមាញឹក ហើយកកស្ទះជាខ្លាំង នៅចំណុចផ្លូវបំបែកឃ្លាំងសាំង។
ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ ដែលបណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង៣៣៨ម៉ែត្រ, មានទទឹង១៥.៨ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ជិត១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) និងប្រើរយៈពេលប្រមាណ១៥ខែ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ដើម្បីឲ្យកម្មវិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ យានយន្តគ្រប់ប្រភេទ ដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍តាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨វិញ។
រីឯយានយន្តចេញពីរាជធានីភ្នំពេញ ក៏ត្រូវបញ្ចៀសចរាចរណ៍ ឡើងតាមស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្ត ដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេ ត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ី ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសថា យានយន្តគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំង នៅក្នុងខណ្ឌឫស្សីកែវនេះ បានជាធម្មតាឡើងវិញ នៅពេលចប់ពិធី៕