ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានឹងសង់ស្តូបនយោបាយឈ្នះ ឈ្នះ នៅអតីតតំបន់ខ្មែរក្រហមក្បាលរឹង អន្លង់វែង

ឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជានឹងសាងសសង់​ស្ដូបអនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ នៅអតីតតំបន់ខ្មែរក្រហមក្បាលរឹង អន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បី​បង្ហាញ​ពីការ​ដឹង​គុណ​ និង​ការ​ច​ងចាំ​រំឭក​ដល់​វីរភាព​ ស្នា​ដៃ​ និង​ភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការស្វែងរកសន្តិភាពពិតប្រាកដ។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២២២នេះ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត ត្រួតពិនិត្យកន្លែងគ្រោងសាងសង់វិមានឈ្នះ ឈ្នះ ដែលមានទីតាំង ចំណុចភ្នំ២០០ ស្ថិតភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យបានជួបប្រទះ និងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ដែលបង្កការឈឺចាប់ខ្លោចផ្សាចំពោះប្រជាជនកម្ពុជាទាំងមូល ក្នុងនោះខេត្តឧត្តរមានជ័យ បានបន្សល់ស្លាកស្នាមមិនទាន់រលុបអស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ។

លោកបានបន្តទៀតថា ការបញ្ចប់ដោយជោគជ័យដោយសន្តិវិធីនូវសង្គ្រាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយលំបាកបំផុត ក៏ប៉ុន្តែការធានានូវចីរភាពសុខសន្តិភាព និងការពង្រឹងថែមទៀត នូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ជាច្រើនជំនាន់មកហើយ ព្រះរាជាណាចក្រកម្ពុជាពុំធ្លាប់ទទួលបាន សន្តិភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ។

ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់បន្ថែមថា សមិទ្ធផលនយោបាយឈ្នះ ឈ្នះ ប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម។

ប្រវត្តិសាស្ត្រជាច្រើនជំនាន់ក្នុងអតីតកាល និងសមិទ្ធផលសង្គមជាតិកន្លងមកថ្មីៗនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ឲ្យប្រជាជនកម្ពុជារួមសាមគ្គីគ្នាសាងសង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តោយខេត្ត ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស្តូបវិមានឈ្នះ ឈ្នះ ដើម្បីបង្ហាញ និងរំលឹកដល់វីរភាព និងស្នាដៃរបស់វីរជន ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ និងភាពឈ្លាសវៃរបស់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការស្វែងរកសន្តិភាពពិតប្រាកដផងដែរ៕