ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច ស ខេង បាន​​ញ្ជើញជាអធិ​បតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍​សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិ​បតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រារព្ធនៅសណ្ឋាគារភ្នំពេញ។
លោកឧញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាសមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ និងត្រូវបានចាត់ទុកជាមូលដ្ឋានរួមចំណែកជួយស្ដារសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញក្រោមការដឹកនាំដ៏ឈ្លាសវ័យរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងមានសម្ដេចក្រឡាហោម ជាប្រធានកិត្តិយស។
លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលក៏បានគូសបញ្ជាក់អំពីបេសកម្មរបស់សមាគម ដើម្បីលើកកម្ពស់ការ​ជំរុញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយធ្វើសកម្មភាពគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការការពារភាពត្រឹមត្រូវតាមច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសធុមតូច និងមធ្យមនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមមូលនិធិសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សម្ដេចមិនមានបំណងអ្វីក្រៅតែពីចង់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសសហគ្រាសធនតូច និងមធ្យមហើយថាសម្ដេចមិនមែនជាអ្នកសេដ្ឋកិច្ចនោះទេ ប៉ុន្តែមានឆន្ទៈ មានបំណង បន្ទាប់ពីបានឆ្លងកាត់ជីវិតការងារតាមរយៈការធ្វើដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសជាច្រើន ក្នុងនោះនៅឆ្នាំ២០១៩ សម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់។
សម្ដេចបានរម្លឹកទៀតថា នៅក្នុងអំឡុងពេលទស្សនកិច្ចនោះ ភាគីអាល្លឺម៉ង់បានអញ្ជើញសម្ដេចទស្សនកិច្ចតំបន់អតីតអាល្លឺម៉ង់ខាងកើត និងតំបន់អតីតអាល្លឺម៉ង់ខាងលិច។ សម្ដេចបន្តថាថ្នាក់ដឹកនាំតំបន់អតីតអាល្លឺម៉ង់ខាងកើតបានផ្ដោតលើឧស្សាហកម្មធុនធ្ងន់ដែលប្រមូលផ្ដុំមនុស្សច្រើន ប៉ុន្តែនៅតំបន់អតីតអាល្លឺម៉ង់ខាងលិចបានយកចិត្តទុកដាក់លើសហគ្រាសធនតូច និងមធ្យម រហូតមួយឃុំមានសហគ្រាសធនតូចឬមធ្យមមួយកន្លែង ធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលធ្វើការ និងផ្ដល់ការងារឱ្យប្រជាពលរដ្ឋបានច្រើនជាងឧស្សាហកម្មធុនធ្ងន់នៅតំបន់អតីតអាល្លឺម៉ង់ខាងកើត។
សម្ដេចក៏បានរម្លឹកអំពីជំនួបកាលពីពេលថ្មីៗនេះរវាងសម្ដេច និងអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលក្នុងជំនួបនោះឯកឧត្តមអតីតឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចអំពីគម្រោងទស្សនកិច្ចរបស់បណ្ដាអ្នកវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមពីប្រទេសជប៉ុនមកកាន់កម្ពុជាជាលើកទី២ ដោយសម្ដេចបានណែនាំឱ្យមានជំនួបពិភាក្សាគ្នាជាមួយសមាគមមូលនិធិសម្ដេចតេជោដើម្បីការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សម្ដេចបន្តថាជំនួបនោះក៏បានពិភាក្សាអំពីគម្រោងជប៉ុនក្នុងវិស័យសូត្រកម្ពុជាដែរ បន្ទាប់ពីមានការស្រាវជ្រាវរកឃើញអំពីសក្ដានុពលទាំងសូត្រខ្មែរទាំងផ្នែកគ្រឿងសំអាង និងអាហារ មិនមែនត្រឹម​តែសម្លៀកបំពាក់នោះទេ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងឧកញ៉ា ដោយសម្ដេចបានឱ្យដឹងសម្ដេចកំពុងដឹកនាំរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីឧកញ៉ា ដែលអាចនឹងបញ្ចប់នៅឆ្នាំ២០២២នេះ។ សម្ដេចបន្តថានៅក្នុងដំណើរការសិក្សារៀបចំសេចក្ដីព្រាងនេះ ក៏នឹងមានការជជែកពិភាក្សារវាងតំណាងរាជរដ្ឋាភិបាលជាមួយនឹងសមាគមឧកញ៉ាផងដែរ។
សម្ដេចបន្ថែមថានៅក្នុងការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យថ្មី អាចនឹងមានចែងកំណត់អំពីការផ្ដល់គោរមងារការកំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និងលក្ខណ្ឌនៃការសម្រេចដកគោរមងារ ក្នុងន័យដើម្បីលើកតម្កើងតម្លៃនៃគោរមងារជាឧកញ៉ា ហើយថាបន្ទាប់ពីរៀបចំព្រះរាជក្រឹត្យនេះហើយនោះ សមា​គមឧកញ៉ាក៏ត្រៀមលក្ខណៈរៀបចំខ្លួនឱ្យបានសមស្របទៅនឹងខ្លឹមសារព្រះរាជក្រឹត្យថ្មីផងដែរ។
សម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយសសមាគមូលនិធិសម្ដេចតេជោដើម្បីការអភិវឌ្ឍសហគ្រា​ស​ធុនតូច និងមធ្យមនៅកម្ពុជា ក៏បានសម្ដែងសង្ឃឹមជឿជាក់សមាគមសហគ្រាសធនតូច និងមធ្យមនឹងបន្តបេសកកម្មរបស់ខ្លួនក្នុងគោលបំណងដើម្បីជួយដល់ការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា និងជួយដល់ប្រជាពលរដ្ឋដែលមានគោលបំណងធ្វើការងារពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕