អន្តរជាតិ៖ ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងកើតអ៊ុយក្រែន បានចំណាយពេលពេញមួយថ្ងៃកាលពីថ្ងៃអាទិត្យ ដើម្បីវាយតម្លៃការខូចខាតដោយាសារការផ្លោងគ្រាប់កាំភ្លើងរបស់ក្រុមឧទ្ទាម ។
ប្រជាពលរដ្ឋក្នុងស្រុកបាននិយាយថាផ្ទះ១៦ខ្នងនៅក្នុងភូមិណូវ៉ូកណាទីវកាបានរងការខូខាតគ្មានសល់ដោយសារការផ្លោងគ្រាប់កាំភ្លើងធំ ។
ដោយឡែក មន្ត្រីនៅក្នុងតំបន់ក្រុមបំបែកខ្លួនបានអះអាងថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារដោយកាំភ្លើងធំជាច្រើនថ្ងៃកន្លងមកហើយហើយជនស៊ីវិល២នាក់បានស្លាប់ នៅក្នុងការវាយប្រហារដែលមិនបានជោគជ័យលើភូមិមួយនៅជិតព្រំដែនប្រទេសរុស្ស៊ី ។
មេដឹកនាំក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែនបានបញ្ជាឱ្យមានការចល័ត យោធាពេញលេញ និងបានជម្លៀសជនស៊ីវិលបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ីប៉ុន្តែការអះអាងថាពលរដ្ឋរុស្ស៊ីកំពុងរងគ្រោះថ្នាក់អាចត្រូវបានប្រើជាហេតុផលសម្រាប់សកម្មភាពយោធា ។
រុស្ស៊ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរកាលពីថ្ងៃសៅរ៍ រួមជាមួយនឹងសមយុទ្ធធម្មតា នៅក្នុងប្រទេសជិតខាង បេឡារុស្ស និងបានធ្វើសមយុទ្ធកងទ័ពជើងទឹក ដែលកំពុងបន្តនៅក្នុងសមុទ្រខ្មៅ ។
សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប បានចោទប្រកាន់ជាច្រើនខែមកហើយថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបង្កើតលេសដើម្បីឈ្លានពានប្រទេសអ៊ុយក្រែន។ពួកគេបានគំរាមដាក់ទណ្ឌកម្ម បន្ទាន់ ប្រសិនបើការវាយប្រហារកើតឡើង ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តស្ងប់ស្ងៀមកាលពីថ្ងៃអាទិត្យ ថ្វីត្បិតតែមានភាពតានតឹងកើនឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែនបង្កឡើងដោយសារសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀតដែលថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ក្រុមជីវពលនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានជម្លៀសពលរដ្ឋទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលពួកគេជ្រើសរើសទាហានបន្ទាន់ហើយសារព័ត៌មានលោកខាងលិច បន្តនិយាយបំប៉ោងព័ត៌មានថា សង្រ្គាមនឹងផ្ទុះឡើងយ៉ាងពិតប្រាកដ ។
សូមបញ្ជាក់ថាកងកម្លាំងប្រទេសអ៊ុយក្រែនបានប្រយុទ្ធជាមួយក្រុមឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីតាំងពីឆ្នាំ ២០១៤ នៅក្នុងជម្លោះបណ្តាលឲ្យមនុស្សប្រមាណ១៤.០០០នាក់ស្លាប់។
ការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ២០១៥ រួមទាំងការផ្លោងគ្រាប់កាំភ្លើងធំ និងការបាញ់ប្រហារតាមខ្សែបន្ទាត់ក្តៅ បានក្លាយជារឿងធម្មតាទៅហើយ ៕