ភ្នំពេញ ៖ ម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធី ប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំថ្ងៃបង្កើតបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅវិមានសន្តិភាពថ្ងៃទី២៨ ខែមីនានេះ។
បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ក្នុងអត្រា ៩៩.៣ភាគរយ នៃកម្លាំងពលកម្មសរុប ប្រមាណ១០លាននាក់ រួមមានកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១លាន ៥សែននាក់ កម្មករ និយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ២លាន ៤សែននាក់ វិស័យកសិកម្មជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណៈចំនួនជាង ៥សែននាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្តីពីការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មុខរបរ និងការងារ និងការគាំពារសង្គម សម្តេចដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីជាការផ្តោតការយកចិត្តទុកដាក់បន្តទៀត។
សម្តេច សង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍនានានឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាសម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕