បន្ទាយមានជ័យ៖ មន្ត្រីប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យ៉ាងហោចណាស់ក្នុងមួយថ្ងៃមានរថយន្តដឹកទំនិញពីដឹកដីថៃ ចូលមកកម្ពុជាប្រមាណ ២០០គ្រឿង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ថា រថយន្តដឹកទំនិញថៃចូលមកកម្ពុជាតាមច្រកអន្តរជាតិនេះ ជាប្រភេទម្ហូបអាហារ គ្រឿងសំណង់ និងរថយន្តថ្មីៗ របស់ក្រុមហ៊ុននាំចូល។
លោកបានបញ្ជាក់ថា អ្នកបើកបរទាំងអស់ ត្រូវបានធ្វើតេស្តរកកូវីដ-១៩ ជាមុនសិន ទើបអនុញ្ញាតឲ្យចូលមកក្នុងទឹកដីកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថាច្រកអន្តរជាតិប៉ោយប៉ែត មានទំនិញថៃនាំចូលច្រើនច្រើនជាងទំនិញនាំចេញពីកម្ពុជា ហើយនៅពេលរថយន្តដឹកទំនិញថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថ ត្រួតពិនិត្យមើលខ្លាចមានលួចលាក់នាំចូលពលករដោយខុសច្បាប់ ឬនាំមនុស្សផ្ទុកមេរោគកូវីដ-១៩៕