បរទេស៖តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ជាង១០០ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់ដែលមានក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ ក្រោយពេលរុស្ស៊ី បើកការឈ្លានពានអ៊ុយក្រែន ។
ផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរហើយតម្លៃមាសបានកើនឡើងស្របពេលដែលក្រុមវិនិយោគិន ព្រួយបារម្ភពីផលប៉ះពាល់ដោយសារតែជម្លោះមួយនេះ ។
រុស្ស៊ីគឺជាប្រទេសនាំចេញប្រេងឆៅធំបំផុតលំដាប់លេខ២របស់ពិភពលោក ហើយពួកគេក៏ជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោកផងដែរ ។
តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ ១០៣ដុល្លារក្នុង១បារ៉ែល ខណៈដែលក្រុមហ៊ុន RAC បាននិយាយថា តម្លៃប្រេងអង់គ្លេស អាចនឹងឡើងខ្ពស់ជាងនេះបន្ថែមទៀត ។
អង់គ្លេស ទទួលបានប្រេងឆៅត្រឹមតែ ៦ភាគរយនិងឧស្ម័នធម្មជាតិ ៥ភាគរយប៉ុណ្ណោះ ពីរុស្ស៊ី ប៉ុន្តែមាននូវក្តីកង្វល់ថា ទណ្ឌកម្ម អាចនឹងបង្អាក់ការផ្គត់ផ្គង់ ធ្វើឲ្យតម្លៃប្រេង ឡើងខ្ពស់ទូទាំងពិភពលោក ។
អ្នកប្រើប្រាស់អង់គ្លេស ចំណាយលុយច្រើនរួចទៅហើយលើថាមពលនិងប្រេង ស្របពេលដែលតម្រូវការកើនឡើង បន្ទាប់ពីការដកចេញវិធានការរឹតត្បឹតជំងឺ COVID-19 ។
លោក Simon Williams គឺជាអ្នកនាំពាក្យរបស់ក្រុមហ៊ុន RAC បាននិយាយថា ការកើនឡើងតម្លៃប្រេង នឹងនាំឲ្យតម្លៃប្រេងលក់ដុំ កើនឡើងដល់កម្រិតខ្ពស់បំផុត ដែលជាកម្រិតខ្ពស់ជាងមុន ។
លោកនិយាយថាបើសិនជាតម្លៃប្រេងបន្តកើនឡើងដល់១១០ដុល្លារក្នុង១បារ៉ែល នឹងមានគ្រោះថ្នាក់បំផុត ធ្វើឲ្យតម្លៃប្រេងជាមធ្យមកើនឡើងដល់ ២.០៨ដុល្លារក្នុង១លីត្រ ។
លោកបន្តថា បើសិនជាតម្លៃប្រេងកើនឡើងខ្ពស់បែបនេះ វានឹងបង្កផលលំបាកផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋជាច្រើនដែលពឹកផ្អែកលើរថយន្តរបស់ពួកគេទៅធ្វើការ និងចិញ្ចឹមអាយុជីវិតរបស់ពួកគេ ៕