បរទេស៖កងកម្លាំងរុស្ស៊ីបានលូកចូលកាន់តែជ្រៅចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញខណៈការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានរាលដាលចូលដល់តំបន់ដាច់ស្រយាលនៃរដ្ឋធានី Kyiv ហើយ លោកខាងលិចបានត្រឹមឈរបើកភ្នែកមើល ឆ្លើតឆ្លើយតបដោយការដាក់ទណ្ឌកម្ម ។
ការវាយប្រហារដោយមីស៊ីលនិងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ីបានស្រោចលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី Vladimir Putinបើកការឈ្លានពានទ្រង់ទ្រាយធំទាំងនៅលើដីនិងអាកាសដែលបង្ខំឲ្យជនស៊ីវិល រត់ទៅស្នាក់នៅលើប្រព័ន្ធផ្លូវរថភ្លើងក្រោមដីដែលបណ្ដាលឲ្យមានមនុស្សប្រមាណ១០ម៉ឺននាក់ រត់ភៀសខ្លួន ។
ក្រសួងការពារជាតិរុស្ស៊ីវិញនិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ចប់គោលដៅរបស់ខ្លួនដោយជោគជ័យសម្រាប់ថ្ងៃនេះ ហើយកាលពីមុននេះ ក្រសួងនេះបានអះអាងថាខ្លួនបានកម្ទេចគោលដៅយោធាអ៊ុយក្រែនជាង ៧០ កន្លែង រួមទាំងអកាសយានដ្ឋាន ១១កន្លែងផងដែរ ។
ការសម្រេចចិត្តរបស់រុស្ស៊ីកាលពីថ្ងៃទី២៤កុម្ភៈធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការឈ្លានពានចូលអ៊ុយក្រែន។ការឈ្លានពាននេះនាំឲ្យមានការថ្កោលទោសពីជុំវិញ ពិភពលោក រួមទាំងការដាក់ទណ្ឌកម្ម។
ដោយឡែក លោកប្រធានាធិបតី អ៊ុយក្រែន លោក VolodymyrZelenskiyបាននិយាយថានៅទូទាំងអ៊ុយក្រែនវីរៈបុរសរបស់យើងយ៉ាងតិច ១៣៧នាក់បានស្លាប់់ និង៣១៦នាក់បានរងរបួស បន្ទាប់ពីថ្ងៃដំបូងនៃការវាយប្រយុទ្ធប្រហារ ហើយលោកបានអំពាវនាវឲ្យទាហាននិងកម្លាំងបម្រុងទូទាំងប្រទេសតស៊ូប្រយុទ្ធ ។
លោកបានព្រមាននៅក្នុងសារវីដេអូថាសត្រូវបានចាត់ទុកខ្ញុំជាគោលដៅទី១។ គ្រួសាររបស់ខ្ញុំគឺជាគោលដៅទី ២។ពួកគេចង់បំផ្លាញអ៊ុយក្រែនតាមបែបនយោបាយ ដោយបំផ្លាញប្រមុខរដ្ឋ។
ខ្ញុំនឹងស្នាក់នៅរដ្ឋធានីនេះគ្រួសាររបស់ខ្ញុំក៏នៅក្នុងប្រទេសអ៊ុយក្រែនដែរ ។
យោធាអ៊ុយក្រែននិយាយថាពួកគេបានកម្ទេចរថក្រោះរុស្ស៊ី៤គ្រឿង នៅលើផ្លូវជិតភាគខាងកើតទីក្រុង Kharkiv ដោយបានសម្លាប់កងទ័ពរុស្ស៊ីជិត ៥០ នាក់ ជិតទីប្រជុំជនមួយក្នុងតំបន់Luhanskនិងបានបាញ់ទម្លាក់យន្តហោះរុស្ស៊ី ចំនួន ០៦គ្រឿង នៅក្នុងភាគខាងកើតរបស់ប្រទេសនេះផងដែរ ។
ស្ថានទូតអ៊ុយក្រែនប្រចាំក្នុងទីក្រុងឡុងដ៍របស់អង់គ្លេសបានហៅបញ្ជារបស់លោក Putin ថាជាសង្រ្គាមគ្មានមូលហេតុ ។រុស្ស៊ីកំពុងបង្កើតសង្រ្គាមប្រឆាំងអឺរ៉ុប និងពិភពលោកទាំងមូល ។
កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីអាមេរិក Joe Bidenបានវាយបក ទៅនឹងការឈ្លានពានរបស់រុស្ស៊ី ចូលអ៊ុយក្រែនដោយ ការប្រកាសដាក់ទណ្ឌកម្មថ្មីធ្ងន់ធ្ងរការបញ្ជាឲ្យបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធយោធាអូតង់ និងប្រកាសថាអាមេរិកនឹងក្រោកឈរប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin។
ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន និយាយថា រុស្ស៊ីមានបំណងដណ្ដើមយករដ្ឋធានី Kyiv និងផ្ដួលរំលំរដ្ឋាភិបាល ។រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានរឹបអូសតំបន់អតីតរោងចក្រនុយក្លេអ៊ែរ ភាគខាងជើង រដ្ឋធានី Kyiv តាមបណ្តោយផ្លូវជិតបំផុតទៅកាន់រដ្ឋធានីពីប្រទេសបេឡារុស្ស ជាកន្លែងដែលទីក្រុងម៉ូស្គូបានរៀបចំកងទ័ព ។
ប្រតិកម្មពីអូតង់វិញអគ្គលេខាធិការអង្គការមួយនេះ លោកJens Stoltenberg បានហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជាទង្វើដ៏ឃោឃៅនៃសង្រ្គាម និងការបង្ហូរឈាមត្រជាក់ និងការឈ្លានពានដែលមានគម្រោងពីយូរមកហើយ ។
ខណៈនោះដែររដ្ឋមន្ត្រីការបរទេសអូទ្រីសលោកAlexander Schall enberg បានសរសេរលើបណ្ដាញសង្គមTwitter ថាប្រទេសអ៊ុយក្រែនក្លាយជាជនរងគ្រោះ នៃការឈ្លានពានមួយផ្សេងទៀតរបស់រុស្ស៊ី។ រុស្ស៊ីបានជ្រើសយកផ្លូវហិង្សា ។
ចំណែកឯប្រធានាធិបតីបុលហ្គារី លោក Rumen Radevបានរិះគន់រុស្ស៊ីចំពោះការទទួលស្គាល់តំបន់ផ្ដាច់ខ្លួន Donetsk និង Luhask ក្នុងប្រទេសអ៊ុយក្រែនភាកខាងកើត ជាហេតុនាំឲ្យជម្លោះកើតឡើង ហើយវិបត្តិនេះមិនអាចដោះស្រាយតាមរយៈការបំពានច្បាប់អន្តរជាតិ និងមធ្យោបាយយោធានោះទេ ។
រីឯរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋឆែក បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ការឈ្លានពានខុសច្បាប់ និង គ្មានមូលដ្ឋាន របស់រុស្ស៊ី លើ អ៊ុយក្រែន ហើយនាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រីMette Frederiksen បានថ្លែងថា ការលុកលុយរបស់រុស្ស៊ី លើសេរីភាព និងអធិបតេយ្យភាពជាតិ គ្មានកន្លែងនៅក្នុងអឺរ៉ុប ក្នុងពេលវេលារបស់ពួកយើងនោះទេ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា រុស្ស៊ី នឹងប្រឈមផលវិបាកធ្ងន់ធ្ងរចំពោះសកម្មភាពរបស់ខ្លួន ។
ទន្ទឹមនឹងនោះដែរប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen បានចោទប្រកាន់បទបញ្ជារបស់លោកPutin ថាជាទង្វើឃោឃៅ នៃការឈ្លានពានប្រឆាំងនឹង ប្រទេសដែលមានអធិបតេយ្យភាព និងឯករាជ្យ និងមនុស្សស្លូតត្រង់ ហើយក្រុមមេដឹកនាំ ប្រទេស G7បានថ្កោលទោសការវាយប្រហាររុស្ស៊ី លើអ៊ុយក្រែន និងបានប្ដេជ្ញាដាក់ទណ្ឌកម្ម ធ្ងន់ធ្ងរ ទាំងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមានការសម្របសម្រួល៕