ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទាហានរុស្ស៊ី៤៩៨នាក់ស្លាប់ និង១.៥៩៧នាក់ផ្សេងទៀតរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន

រុស្ស៊ី៖ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ទាហានរបស់ខ្លួន ៤៩៨នាក់បានបាត់បង់អាយុជីវិត ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយទាហាន ១.៥៩៧នាក់ផ្សេងទៀត រងរបួសចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការសឹករបស់ទីក្រុង Moscow នៅទីនោះ ។
នេះគឺជាលើកដំបូងហើយដែលក្រុង Moscow បានប្រកាសឲ្យដឹងពីចំនួនអ្នកស្លាប់របស់ខ្លួន ។
រុស្ស៊ីបាននិយាយផងដែរថាទាហានអ៊ុយក្រែននិងអ្នកជាតិនិយមជាង២.៧៨០ នាក់ បានស្លាប់និងជាង ៣.៧០០នាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែចំនួនគ្រោះថ្នាក់នេះ មិនអាចស្វែងរកការផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់បាននោះទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗពីខាងភាគីអ៊ុយក្រែននោះដែរ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមអាជ្ញាធរអ៊ុយក្រែនអះអាងថាជនស៊ីវិលជាង ២ពាន់នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសង្រ្គាមរបស់ខ្លួនទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍២៤ខែកុម្ភៈកន្លងទៅខណៈដែលទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋជាង៨៧៤.០០០នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសជិតខាង ។

អ៊ុយក្រែនបានទទូចថាទាហានរុស្ស៊ី បានស្លាប់ច្រើនជាងនេះប៉ុន្តែមិនបានបង្ហាញភ្លាមៗអំពីការបាត់បង់ជីវិតទាហានរបស់ប្រទេសខ្លួននោះទេ ។
ខណៈពេលនោះដែរ ពិភពលោកនាំគ្នាប្រឆាំងទីក្រុង Moscow នៅអង្គការសហប្រជាជាតិ(UN) ដើម្បីទាមទារឱ្យពួកគេដកទាហាន ចេញពីអ៊ុយក្រែន បើទោះបីជាកម្លាំងរុស្ស៊ី នៅតែបន្តការវាយប្រហារលើទីក្រុងធំបំផុតទីពីរ របស់អ៊ុយក្រែន និងបានឡោមព័ទ្ធទីក្រុងកំពង់ផែយុទ្ធសាស្ត្រមួយនេះក៏ដោយ ។
មន្ត្រីរុស្ស៊ីមួយរូបបានប្រកាសកាលពីល្ងាចថ្ងៃពុធម្សិលមិញថាជុំទី២នៃការចរចារវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Vladimir Medinskyប្រមុខដឹកនាំគណៈប្រតិភូរុស្ស៊ីបាននិយាយថា ភាគីទាំង២ បានជួបគ្នានៅក្នុងតំបន់Belovezhskaya Pushchaក្នុងទីក្រុងBrestរបស់ប្រទេសបេឡារុស្សជិតព្រំដែនប្រទេសប៉ូឡូញ ។ លោកនិយាយថា ក្រុមអ្នករបស់លោក បានទៅដល់តុចរចាក្នុងជំហរដដែល ។
លោក Medinskyបន្តថាការពិភាក្សានេះនឹងផ្ដោតលើបញ្ហាជាច្រើនទាក់ទងនឹងបទឈប់បាញ់ និងភាពចាំបាច់សម្រាប់ច្រករបៀងមនុស្សធម៌ ។
គួរឲ្យដឹងថា កិច្ចចរចាជុំដំបូង រវាងរុស្ស៊ី និងអ៊ុយក្រែនដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ បានបញ្ចប់ដោយគ្មានលទ្ធផលជាផ្លែផ្កានោះទេ បន្ទាប់ពីកិច្ចប្រជុំរយៈពេលជាង ៥ម៉ោង ៕