ភ្នំពេញ:នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះបានចេញបដិសេធថាលោកមិនមានជំនួយការឈ្មោះ ហួន សីហា នោះទេ និងស្នើឲ្យមានការស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់
សេចក្តីបំភ្លឺទាំងស្រុង
នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម។
នាយខ្ឧត្តមសេនីយ៍បញ្ជាក់ថា”ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ”។
លើសពីនេះលោកលើកឡើងថា ជុំវិញបញ្ហានេះ ខ្ញុំសូមស្នើនិងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែ តម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់។
លោកបន្ថែមថា”ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការដាក់ពាក្យបណ្ដឹងដើម្បីទាមទា ររកយុត្តិធម៌តាមផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយរងគ្រោះ ដោយសារបុគ្គលខាងលើនេះ”។