(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា សម្រេចនាំនាវាអគ្គីសនីពីប្រទេសតួគី មកកាន់រាជធានីភ្នំពេញ។
នៅលើហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានលើកឡើងថា «នៅព្រឹកមិញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ក្នុងឱកាសបើកវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី Ayda Ünlü, អគ្គរដ្ឋទូត នៃប្រទេសតួគី ដែលកាលពីម្សិលមិញ បានខិតខំប្រឹងប្រែងជួយសម្របសម្រួលបានសម្រេចក្នុងការចរចាគ្នារវាងក្រុមហ៊ុនអគ្គិសនីតួគី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់អគ្គិសនី ដែលអាចផ្តល់ថាមពលប្រមាណ ២០០មេកហ្គាវ៉ាត់ មករាជធានីភ្នំពេញ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណ ដែលបានរៀបចំដោយក្រសួងការបរទេស និងក្រសួងឧស្សាហកម្មរ៉ែនិងថាមពលកម្ពុជារួចហើយ ដើម្បីផ្ញើជូនទៅលោកប្រធានាធិបតីតួគី ដែលបានឧបត្ថម្ភគាំទ្រចំពោះក្រុមហ៊ុនអគ្គិសនីតួគី ឲ្យមកផ្គត់ផ្គង់ថាមពលដល់កម្ពុជាក្នុងរយៈពេល ៣ឆ្នាំ ទម្រាំយើងមានថាមពលគ្រប់គ្រាន់ឡើងវិញ៕