ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។

សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត​សំដៅលើ​គោលដៅ​អណ្តែត​ទឹក។

ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ​ គឺ​ជា​ទម្លាប់របស់ខ្លួន ប៉ុន្តែ​វា​កើតឡើង​ចំពេល​មាន​ភាព​តានតឹងកាន់តែ​ខ្លាំង​ឡើង​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះតៃវ៉ាន់ ​ជា​ផ្នែកមួយ​នៃ​ដែនដី​អធិបតេយ្យភាព​របស់​ខ្លួន។

មានសេចក្តីរាយការណ៍មកថា តៃវ៉ាន់បាននឹងកំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីសាកល្បងប្រព័ន្ធការពាររបស់ខ្លួននៅតាមបណ្តាកោះតូចៗជាច្រើន ស្របពេលភាពភ័យខ្លាចកាន់តែកើនឡើងថា ចិនអាចូលដណ្តើមកាន់កាប់កោះមួយចំនួន ដើម្បីបង្ខំឲ្យតៃវ៉ាន់ចរចាបង្រួបបង្រួមជាតិជាមួយដីគោក។

សេចក្តីសេចក្តីរាយការណ៍ដដែលបានបន្ថែមថា តៃវ៉ាន់បានដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ នៅកោះមួយ ដែលមានលំនៅរបស់ជនស៊ីវិលប្រហែល១៥០០ខ្នង ហើយចាត់ទុកថា ជាគោលដៅអាទិភាពខ្ពស់សម្រាប់កងទ័ពចិន ចូលឈ្លានពានតាមកងនាវាចរ និងទ័ពអាកាស។

ចំណែកមន្ត្រីការពារជាតិតៃវ៉ាន់ បាននិយាយកាលពីខែមុនថា យន្តហោះស៊ីវិលរបស់ចិនធ្លាប់ហោះទៅជិតកោះមួយនោះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ។

សូមរំឭកថា ក្នុង​ថ្ងៃ​ដែលទាហាន​រុស្ស៊ី​បើក​ការ​វាយលុក​ចូលទឹកដី​អ៊ុយក្រែន ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ឹងវិន បានបញ្ជាឲ្យកងកម្លាំងយោធា និងកម្លាំងសន្តិសុខកោះតៃវ៉ាន់ ត្រៀមខ្លួនប្រយុទ្ធឲ្យបានរួចរាល់ ហើយត្រូវខិតខំ ឃ្លាំមើលស្ថានការណ៍វិវត្តន៍នៅជុំវិញខ្លួន។

កាល​ពី​ខែ​កុម្ភៈ នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក បូរីស ចនសុន បាន​ព្រមាន​ថា ប្រសិន​បើឯករាជ្យភាពរបស់អ៊ុយក្រែន ត្រូវបានគំរាមកំហែងដោយរុស្ស៊ី នៅភាពតក់ស្លុតនឹងបន្ទរនៅជុំវិញពិភពលោក។​សំឡេង​បន្ទរ​ទាំង​នោះ​នឹង​ឮ​នៅ​អាស៊ី​ខាង​កើត ហើយ​នឹង​ឮ​នៅ​តៃវ៉ាន់។

កាលពីម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ភីធើ ដុតតុន បានព្រមានថា ប្រទេសចិនអាចប្រើប្រាស់ជម្លោះរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ជាការបង្កហេតុ ដើម្បីចាប់ផ្តើមធ្វើសកម្មភាពចូលឈ្លានពានកោះតៃវ៉ាន់ ខណៈ កងទ័ពអាមេរិករាប់ពាន់នាក់​ បញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី។

ថ្លែងក្នុងសុន្ទរកថា នាមជ្ឈមណ្ឌលសិក្សាពីសហរដ្ឋអាមេរិក របស់អូស្ត្រាលី កាលពីថ្ងៃទី១៦ ខែមីនា លោក ដុតតុន បាននិយាយថា ប្រទេសចិនអាចប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ជាការរំបង្កហេតុតដ៏មានប្រយោជន៍ និងជាឱកាសមួយ ដើម្បីធ្វើសកម្មភាពឈ្លានពាន និងការបង្ខិតបង្ខំកោះតៃវ៉ាន់។

លោកបានចោទប្រកាន់ថា ការគំរាមកំហែងនេះកើតឡើងភាគច្រើនចេញពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលមានមហិច្ឆតាចង់យកកក្តោបយកទឹកដីតៃវ៉ាន់ ហើយនាពេលថ្មីៗនេះ ចិនបានព្រមព្រៀងគ្មានក្នុងភាពជាដៃគូសហប្រតិបត្តិការគ្មានដែនកំណត់ ជាមួយរដ្ឋាភិបាលវិមានក្រឹមឡាំង៕