ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រុស្ស៊ី សន្យាជួយបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា

ម៉ូស្គូ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ អ៉ីហ្គរ ម៉ីតស៊ូគីន (IGOR MITHSHUTKIN) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យយោធាសហព័ន្ធរុស្ស៊ី នៅរដ្ឋធានីម៉ូស្គូ។ 

ឧត្តមសេនីយ៍ទោ  អ៉ីហ្គរ ម៉ីតស៊ូគីន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក ។បន្ទាប់មក ភាគីរុស្ស៉ី បានធ្វើបទបង្ហាញពីសាកលវិទ្យាល័យ ជូនគណៈប្រតិភូកម្ពុជា ហើយបានជម្រាបជូនផងដែរថា និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ បានខិតខំប្រឹងប្រែងក្រេបយកចំណេះវិជ្ជា ព្រមទាំងគោរពវិន័យបានយ៉ាងល្អ។ 

លោកសាកលវិទ្យាធិការ បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលនិស្សិតកម្ពុជាបន្ថែមទៀតនៅពេលអនាគត។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី កងទ័ពសហព័ន្ធរុស្ស៉ី ជាពិសេសថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានជួយបណ្ដុះបណ្ដាលនិស្សិតរបស់កម្ពុជា ហើយចាត់ទុកកងទ័ពកម្ពុជា និងនិស្សិតកម្ពុជាមិត្តដ៏ល្អ។  

បន្ទាប់ពីជំនួបពិភាក្សាការងាររួចមក គណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា បានអញ្ជើញទស្សនាអគារសាកលវិទ្យាល័យ និងសកម្មភាពបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាកលវិទ្យាល័យនេះផងដែរ៕