ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីដើមខែមេសានេះ មន្ត្រីរាជការគ្រប់ប្រភេទ បានឡើងប្រាក់ខែ ហើយប្រាក់ខែនៅខែមេសានេះ ត្រូវបានបើកសរុបនឹងប្រាក់ឧបត្ថម្ភម្នាក់ ៥ម៉ឺនរៀលបន្ថែមទៀត នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅពាក់កណ្តាលខែមេសានេះ។
សម្តេចបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣២១៣ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រាក់ខែ នៅខែមេសា សម្រាប់មន្ត្រីរាជការ គឺទាំងពីរលើក ត្រូវបើកនៅមុនចូលឆ្នាំ ដោយបើកតែម្តង។ តាមធម្មតា ប្រាក់ខែមន្ត្រីរាជការយើង បើក ២ដង ក្នុង ១ខែ តែនៅខែមេសានេះ យើងបើកសរុប នៅមុនចូលឆ្នាំ ដើម្បីឲ្យមន្ត្រីរាជការយើង បានប្រាក់ខែ ទៅចាយវាយក្នុងពេលចូលឆ្នាំ។ បន្ទាប់មក នៅខែឧសភា យើងបើក ២ ដង ក្នុងខែឡើងវិញ៕