ស្វាយជ្រុំខេត្តកណ្តាល៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចោទលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករថា បានចាក់ដីបំពានចូលទន្លេមេគង្គ ដើម្បីយកធ្វើជាកម្មសិទ្ធិ!។
ពលរដ្ឋខាងលើលើកឡើងថា ដីនេះជាប្រភេទដីចំណីទន្លេ ច្រាំងខាងកើតទន្លេមេគង្គ ត្រូវក្រុមឈ្មួញប្រើរូបភាពដើរប្រមូលទិញពីអ្នកភូមិ ដែលធ្លាប់បានអាស្រ័យផលលើដីច្រាំងទន្លេទាំងនេះ ប៉ុន្តែមិនមានឯកសារទទួលស្គាល់កម្មសិទ្ធិគ្រប់គ្រាន់ឡើយ។
អ្នកភូមិខ្លះ ដឹងប្រវត្តិដីចំណីទន្លេខាងលើនេះរំលឹកថា អ្នកធ្លាប់អាស្រ័យផលអ្នកខ្លះលក់ដីចំណីទន្លេនេះក្នុងទឹកប្រាក់ពី២០ ០០០ដុល្លារ ទៅ៣០០០០ដុល្លារ តាមទំហំជាក់ស្តែង ដោយក្រុមអ្នកប្រមូលទិញដី ប្រាប់ពួកគាត់ថា លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាអ្នកឲ្យទិញលោក ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។
លោក ឈ្មោះ ថា ប៊ុនថន ពលរដ្ឋនៅទីនោះ ជាអ្នកមើលដីថែដីជូនលោក គុណ ញឹម បាននិយាយព្រមាន និងជេរប្រមាទ អ្នកសារព័ត៌មាន ដែលបានទាក់ទងសម្ភាសន៍ជុំវិញករណីចាក់ដីយកចំណីទន្លេនេះ។
លោក ថា ប៊ុនថន បានឆ្លើយតបជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងមកនេះថា «បើចង់ដឹង សូមទាក់ទងទៅអភិបាលខេត្ត[កណ្តាល លោក គង់ សោភណ្ឌ]។ បងធ្វើអ្វីក៏ដោយ កុំឲ្យខ្ញុំខឹង»។
ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា លោក គុណ ញឹម បានទិញដីចំណីទន្លេដែលជាសម្បត្តិរបស់រដ្ឋ ហើយ កំពុងសម្រុកឲ្យគ្រឿងចក្រជាច្រើនគ្រឿង ដឹកជញ្ជូនអាចម៌ដីចាក់រំលោភយកច្រាំងទន្លេ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនមានអាជ្ញាធរណាមួយរារាំងឡើយ។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី៣១ខែមីនានេះ មិនអាចសុំការបំភ្លឺពីលោក គុណ ញឹម និងអភិបាលខេត្តកណ្តាលបានទេ ជុំវិញការចោទប្រកាន់ពីពលរដ្ឋខាងលើនេះនៅឡើយទេ។
បើយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងដីចំណីទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង ដែលជាដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានបុគ្គលណាម្នាក់មានសិទ្ធិទិញលក់ឬយកធ្វើកម្មសិទ្ធិឯកជនឡើយ។
ប៉ុន្តែចំពោះករណីនេះ ត្រូវបានមហាជនមើលឃើញថា អ្នកមានលុយនិងមានអំណាចអាចចាក់ដីលុប យកច្រាំងទន្លេ ហើយពុំឃើញមានអាជ្ញាធរពាក់ព័ន្ធរារាំងឬចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គទាំងនោះឡើយ៕