ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)បានបង្ហាញយោងតាមរបាយការណ៍របស់ខ្លួនថា នៅឆ្នាំ២០២១នេះ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ៣,៥៩៤នាក់ ដែលមានជាង៤០សញ្ជាតិទៅកាន់ប្រទេសកំណើតវិញដោយ៨០%គឺជាជនជាតិថៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយជោគជ័យ ពោលគឺបានបិទបញ្ចប់នូវបញ្ហាស្មុគស្មាញធំៗ បញ្ហាប្រឈមធំៗមិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិដែរ ដែលមកដល់ពេលនេះមិនមែនបានសេចក្ដីថា តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានមួយនេះបានបញ្ចប់នោះទេ។
សម្តេចមានប្រសាសន៍ថា ឧបសគ្គធំៗបានដោះស្រាយនិងឆ្លងកាត់រួចហើយហើយក៏ត្រូវបន្តបំពេញភារកិច្ចផ្សេងៗទៀតរាប់ទាំងបញ្ហាមួយចំនួនដែលនៅសេសសល់ ។
សម្ដេចបានថ្លែងទៀតថា តួនាទីរបស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍អាចមាន៣ធំៗ ទី១គឺការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជា ដើម្បីធានានូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈការការពារអធិបតេយ្យភាពជាតិ ដែលកិច្ចការនេះបានធ្វើជាប់ជាប្រចាំ,ទី២គឺលើកទឹកចិត្តដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លើសពីនេះសម្តេចបញ្ជាក់ថា ការខិតខំលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍គ្រប់ផ្នែកដែលរស់នៅកម្ពុជាដោយស្របច្បាប់ឱ្យរស់នៅប្រកបដោយភាពសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួចឆក់ប្លន់ជាដើម ដើម្បីឱ្យជនទាំងនោះជួយកៀរគរអ្នកវិនិយោគបរទេសផ្សេងទៀតមកបណ្ដាទុនអភិវឌ្ឍន៍នៅកម្ពុជា និងទី៣ គឺកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាជនភៀសខ្លួន៕
សម្រាប់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា ជនបរទេសណាដែលរស់នៅក្នុងប្រទេសដោយគ្មានឯកសារត្រឹមត្រូវ ដូចជាលិខិតឆ្លងដែន និងទិដ្ឋាការ និងជនបរទេសដែលរត់គេចខ្លួនត្រូវទទួលរងការបណ្តេញ។
លោកបានថ្លែងក្នុងសន្និសីទប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDIថា «ទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ GDI បានធ្វើការយ៉ាងសកម្មក្នុងការគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍សង្គម»។
យោងតាមរបាយការណ៍ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២១ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់សរុបចំនួន ២០,៨២៤ នាក់ ក្នុងនោះមាន១០២ សញ្ជាតិទៅកាន់ប្រទេសកំណើតរបស់ពួកគេ។