(សៀមរាប)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា«គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២បានអញ្ជើញផ្តល់កិត្តិយសបិទសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” ក្រោមកិច្ចសហការជាមួយនឹងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប។
សិក្ខាសាលាថ្ងៃទី២នេះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់បណ្តុះបណ្តាលបែបបទនិងនីតិវិធីនានាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ត្រីនៃសាខា ក.ប.ប. ដែលជាអ្នកអនុវត្តផ្ទាល់នូវឯកសារគតិយុត្តក្រោមច្បាប់ទាំងពីរខាងលើ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោកប្រធាន-អនុនាយកដ្ឋានដែលជាគ្រូបង្គោល លោក/លោកស្រីមន្ត្រីរាជការនៃសាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.។